ក្រុម Barcelona បានរងបរាជ័យ២ប្រកួតជាប់គ្នា ក្រោយទម្រង់លេងរបស់ក្រុមមានបញ្ហាធ្លាក់ចុះ រហូតក្រុមរបូតកៅអីកំពូលតារាងក្របខណ្ឌ La Liga ដោយបានចាញ់គូប្រជែង Atletico Madrid លទ្ធផល ២-១ កាលពីចុងសប្តាហ៍កន្លងទៅ។
មកដល់ពេលនេះ Barcelona បានឆ្លងកាត់ការប្រកួតក្នុងលីគកំពូលអេស្ប៉ាញចំនួន ៣ប្រកួត ដោយមិនទាន់ឈ្នះម្តងនៅឡើយ។ ជាក់ស្តែង Barcelona បានស្មើ Real Betis ២-២ និងបានចាញ់ក្រោមថ្វីជើងក្រុម Leganes ១-០ និងចុងក្រោយចាញ់ Atletico Madrid ២-១ នេះ។
ការប្រកួតក្នុងកីឡដ្ឋាន Olimpico Lluis Companys នោះ Pedri បានរកគ្រាប់បាល់អោយ Barcelona នាំមុខមុនទៅហើយ នៅក្នុងនាទី៣០នៃវគ្គទី១ ប៉ុន្តែចូលដល់វគ្គទី២ Atletico Madrid បានធ្វើការវាយសម្រុកវិញ ហើយ ក៏រកបានគ្រាប់បាល់ដោយ Rodrigo De Paul ក្នុងនាទី៦០ និង Alexander Sørloth ក្នុងនាទី៩០+៦។
បរាជ័នេះបានធ្វើអោយ គ្រូបង្វឹក Barcelona លោក Hansi Flick មានការខកចិត្តខ្លាំងចំពោះលទ្ធផល ប៉ុន្តែលោកក៏បានឃើញកីឡាករបានបញ្ចេញអស់ពីសមត្ថភាពរបស់ពួកគេ និងលេងបានល្អ។ លោក Flick ថែមទាំងរំពឹងថា ក្រុមនឹងត្រឡប់មកវិញជាមួយភាពខ្លាំង ក្រោយពីការសម្រាកនៅរដូវរងារយៈពេលខ្លី។
គ្រូបង្វឹកជនជាតិអាល្លឺម៉ង់បានអោយដឹងបែបនេះ “ថ្ងៃនេះគឺជារឿងសឹងមិនគួរអោយជឿពីរបៀបដែលយើងលេង។ ប្រហែលការសម្រាកពេលខ្លីក្នុងរដូវរងារ នឹងផ្តល់មកនូវពេលវេលាល្អ។ ខ្ញុំកោតសរសើរចំពោះអ្វីដែលយើងលេងថ្ងៃនេះ ប៉ុន្តែយើងត្រូវរៀនសូត្រពីប្រកួតនេះ។ ការចាញ់ ៩ប្រកួត វាមិនមែនជារឿងធម្មតាឡើយ យើងត្រូវតែកែតម្រូវវាឡើងវិញ។”
លោក Hansi Flick បានអះអាងទៀតថា លោកនឹងកសាងទំនុកចិត្តរបស់ក្រុមយុវជនឡើងវិញ ដើម្បីប្រជែងការប្រកួតនៅពាក់កណ្តាលរដូវកាល ដែលនៅសល់បន្តទៀត។
សម្រាប់លទ្ធផលបរាជ័យនេះដែរ Barcelona បានរអិលចុះទៅលេខ៣ មាន ៣៨ពិន្ទុ ឆ្លងកាត់១៩ប្រកួត ខណៈ Real Madrid នៅលេខ ២ មាន៤០ពិន្ទុ លេងបាន១៨ប្រកួត ហើយ Atletico Madrid ឡើងទៅកំពូលតារាង មាន៤១ពិន្ទុ លេងបាន១៨ប្រកួតដូចគ្នា៕