ក្លិប Valencia នៅលីគកំពូលអេស្ប៉ាញ បានសម្រេចចែកផ្លូវគ្នាជាមួយគ្រូបង្វឹក Rúben Baraja ជាផ្លូវការហើយ ពោលគឺនៅត្រឹមតែ ៤៨ ម៉ោង មុនការប្រាព្ធបុណ្យ Christmas ចូលមកដល់។
ការបណ្តេញ បុរសវ័យ៤៩ឆ្នាំ ចេញពីតំណែងនេះ បានកើតឡើងបន្ទាប់ពីទម្រង់លេងរបស់ Valencia មានការធ្លាក់ចុះខ្លាំង ដោយពួកគេបានឈ្នះតែមួយប្រកួតគត់ក្នុងចំណោម ៦ ប្រកួតចុងក្រោយ ដោយចាញ់ ៣ ស្មើ២ ខណៈការប្រកួតចុងក្រោយស្មើក្នុងផ្ទះជាមួយ Alaves ក៍ដោយ។
លោក Rúben Baraja គឺជាអតីតខ្សែបម្រើរបស់ Valencia ដែលត្រូវបានតែងតាំងមកជាគ្រូបង្វឹកដោយក្លិបនៅខែកុម្ភៈ ឆ្នាំ ២០២៣ ហើយបានជួយក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៩ ទោះបីរកមិនឃើញជ័យជំនះសោះនៅ៧ប្រកួតចុងក្រោយមុនបញ្ចប់រដូវកាល២០២៣-២៤។
បច្ចុប្បន្នក្រោយការចាកចេញរបស់គ្រូបង្វឹកជនជាតិអេស្ប៉ាញ ក្លិប Valencia កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ១៩ បាតតារាងក្របខណ្ឌ La Liga ដោយមានត្រឹមតែ ១២ ពិន្ទុពីការប្រកួត ចំនួន ១៧ លើកនៅរដូវកាល ២០២៤-២៥នេះ។
សូមបញ្ជាក់ថា Valencia មិនដែលធ្លាក់ទៅលេងនៅក្របខណ្ឌលីគលំដាប់ទី២ អេស្ប៉ាញទេគិតចាប់តាំងពីរដូវកាល ១៩៨៦-១៩៨៧ មក ហើយលទ្ធផលដ៏អាក្រក់ដែលពួកគេកំពុងជួបប្រទះនេះ បានក្លាយជាហានិភ័យដ៏ធំមួយរបស់ក្លិប៕