ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA លោក Gianni Infantino បានបង្ហាញការអរគុណចំពោះអាជ្ញាធរអ៊ីរ៉ង់ ដែលអនុញ្ញាអោយស្ត្រីចំនួន ១ម៉ឺននាក់ចូលរួមទស្សនាការប្រកួតជំនួបលីគកំពូលអ៊ីរ៉ង់រវាងក្រុម Sepahan និង Persepolis កាលពីពេលកន្លងទៅ។
FIFA ដាក់ការហាមឃាត់ទៅលើប្រទេសអ៊ីរ៉ង់ពីការប្រកួតប្រជែងពានរង្វាន់ World Cup 2022 ព្រោះតែប្រទេសនេះតែងតែរឹតត្បិតទៅលើស្ត្រី និងក្មេងស្រី មិនអោយចូលទស្សនាការប្រកួតបាល់ទាត់ក្នុងស្រុក ដោយសារកត្តាសាសនា ប៉ុន្តែ ពេលនេះ FIFA បានសាទរចំពោះចំណាត់ការថ្មីរបស់អាជ្ញាធរអ៊ីរ៉ង់។
ក្នុងការប្រកួតលីគកំពូលអ៊ីរ៉ង់ Iran Pro League ស្ថិតក្នុងកីឡដ្ឋាន Isfahan’s Naqsh-e Jahan ក្រុម Sepahan ដែលជាម្ចាស់ផ្ទះ បានយកឈ្នះលើក្រុម Persepolis លទ្ធផល ២-១ ដោយនៅក្នុងការប្រកួតនោះមានវត្តមានអ្នកគាំទ្រជាស្ត្រីនិងក្មេងស្រីប្រមាណ១ម៉ឺននាក់ចូលទស្សនាផងដែរ។
នៅលើការបញ្ចេញមតិមួយបង្ហោះដោយ FIFA លើបណ្តាញសង្គម លោក Infantino បានស្នើសុំអាជ្ញាធរអ៊ីរ៉ង់ អនុញ្ញាតអោយមានស្ត្រី និងក្មេងស្រី ចំនួន ៤៥ ០០០នាក់ ចូលទស្សនាការប្រកួតជំនួបចុងក្រោយក្នុងរដូវកាលរវាងក្រុមជើងខ្លាំងអ៊ីរ៉ង់ទាំង ២ នាពេលខាងមុខ។ មិនត្រឹមតែប៉ុណ្ណោះ ប្រធាន FIFA ក៏បានអរគុណទៅកាន់អាជ្ញាធរ អ៊ីរ៉ង់ ដែលបានធ្វើរឿងដ៏អស្ចារ្យមួយនោះកើតឡើង ព្រមទាំងផ្តល់ឱកាសដល់ស្ត្រី និងក្មេងស្រីបានចូលមើលបាល់ទាត់ ស្របពេលមានក្តីបារម្ភចំពោះបញ្ហាក្នុងស្រុកមួយចំនួនក៏ដោយ៕