×

អតីតខ្សែបម្រើ Chelsea, Oscar ចូលរួមជាមួយក្លិបប្រេស៊ីល Sao Paulo

ក្លិប Sao Paulo នៅលីគកំពូលប្រេស៊ីល បានបញ្ជាក់ថា ខ្សែបម្រើ Oscar អតីតសមាជិកក្លិបអង់គ្លេស Chelsea បានវិលត្រឡប់មកប្រកបអាជីព នៅស្រុកកំណើតវិញហើយ ដោយចូលរួមជាមួយពួកគេ។

Sao Paulo ជាក្លិបដំបូងដែល Oscar ចាប់ផ្តើមជាមួយក្នុងនាមជាកីឡាករបាល់ទាត់អាជីពនៅក្នុងឆ្នាំ ២០០៨។ ការវិលត្រឡប់មកវិញរបស់ Oscar គឺរូបគេបានចុះកុងត្រាជាមួយក្លិប ចំនួន ៣ឆ្នាំ ពោលគឺរហូតដល់ឆ្នាំ២០២៧។

កីឡាករវ័យ៣៣ឆ្នាំ រូបនេះត្រូវបានចាត់ទុកជាកីឡាករមានកេរ្ត៍ឈ្មោះល្បីល្បាញ និង មានសមត្ថភាពខ្ពស់មួយរូប។ Oscar បានចាប់ផ្តើមជាមួយ Sao Paulo រួចបន្តទៅចូលរួម ក្លិប Internacional ពីឆ្នាំ ២០១០ ដល់ ២០១២ ដោយបានឈ្នះពានរង្វាន់ Recopa Sudamericana ១ដង រួចបន្តធ្វើដំណើរមកចូលរួមជាមួយ Chelsea ពីឆ្នាំ ២០១២ ដល់ ២០១៧ ជាទីដែលរូបគេ បង្ហាញខ្លួនបាន ២០៣ដង ស៊ុតបញ្ចូលទីបាន ៣៨គ្រាប់ និងបានឈ្នះពានរង្វាន់ Premier League ២ដង EFL Cup ១ដង និង UEFA Europa League ១ដង។

Oscar បានចាកចេញពី Chelsea ទៅចូលរួមក្លិបចិន Shanghai SIPG ឬដែលបច្ចុប្បន្នមានឈ្មោះថា Shanghai Port ក្នុងឆ្នាំ២០១៧ ដោយពេលនោះគេមានវ័យ២៥ឆ្នាំ ។ រយៈពេល៨រដូវកាលនៅក្របខណ្ឌ Chinese Super League កន្លងមក Oscar បានឈ្នះពានរង្វាន់ Chinese Super League ៣ដង Chinese FA Cup ១ដង និង Chinese FA Super Cup ១ដងផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង