×

ក្លិប Barcelona ចង់លក់កីឡាករ ៥រូប នៅទីផ្សារដោះដូរកីឡាករខាងមុខ

ក្លិប Barcelona នឹងមិនធ្វើការនាំចូលសមាជិកថ្មីសំខាន់ៗ នៅក្នុងទីផ្សារដោះដូរកីឡាករខែមករានោះទេប៉ុន្តែការបញ្ចេញកីឡាករគឺជាអ្វីដែលក្លិបអ្នកមានបុណ្យនឹងធ្វើការអនុវត្តន៍។

ក្លិប Barcelona ត្រូវបានរាយការណ៍ថា ចង់ដាក់លក់កីឡាកររបស់ខ្លួនចំនួន ៥នាក់ នៅទីផ្សារដោះដូរកីឡាករខាងមុខ ដើម្បីប្រមូលថវិការដោះស្រាយ បញ្ហាហិរញ្ញវត្ថុ ដែលក្លិបកំពុងជួបប្រទះនៅពេលនេះ។

ប្រធានក្លិប លោក Joan Laporta បានប្រាប់ទៅនាយកផ្នែកកីឡារបស់ក្លិប លោក Deco រួមទាំងគ្រូបង្វឹកលោក Hansi Flick ថា ក្លិបត្រូវលក់កីឡាករចំនួន៥រូប អោយបានក្នុងទំហំទឹកប្រាក់ ៨០លានអឺរ៉ូ ឬ ច្រើនជាងនេះ។

យោងតាមការចុះផ្សាយរបស់សារពត៌មាន Sport បានអោយដឹងថា កីឡាករទាំង៥រូបដែល ក្លិប Barcelona ចង់លក់ចេញនៅដំណាច់រដូវកាល ២០២៤-២៥ ខាងមុខមានដូចជា Andreas Christensen, Eric Gracia, Pablo Torre, Frenkie de Jong និង Ansu Fati។

កីឡាករទាំង៥រូបភាគច្រើនសុទ្ធតែនឹងផុតសុពលភាពកុងត្រាជាមួយ ក្លិប Barcelona នៅខែមិថុនា ឆ្នាំ០២៦ លើកលែងតែ Ansu Fati ដែលសុពលភាពកុងត្រារបស់គេនៅសល់ដល់ចុងខែមិថុនា ឆ្នាំ២០២៧។

Eric Garcia និង Andreas Christensen នឹងទទួលបានការចាប់អារម្មណ៍ពីក្លិបនានានៅក្របខណ្ឌ Premier League។ រីឯ Pablo Torre មិនស្ថិតក្នុងគម្រោងរបស់គ្រូបង្វឹកលោក Hansi Flick ទេ ហើយ Frenkie de Jong វិញ ក្លិបចង់បញ្ចេញរូបគេដោយសារបញ្ហាប្រាក់ឈ្នួលខ្ពស់។ រីឯ Ansu Fati ក៏មិនស្ថិតក្នុងគម្រោងរបស់លោក Hansi Flick ហើយក្លិបចង់បញ្ចេញរូបគេដើម្បីសន្សំសំចៃ ទៅការចំណាយដ៏ច្រើនរបស់ក្លិបនៅពេលបច្ចុប្បន្ន៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង