អ្នកលេងគុនចម្រុះ UFC សញ្ជាតិអៀរឡង់ Conor McGregor ហាក់ដូចជាបង្ហាញតម្រុយថា រូបគេយល់ព្រមឡើងសង្វៀនប្រកួតតទល់នឹងតារាយូធូបអាមេរិក ប្រែខ្លួនជាអ្នកប្រដាល់សកលអាជីព Logan Paul នៅក្នុងជំនួបគ្រោងនឹងធ្វើឡើងនៅក្នុងប្រទេសឥណ្ឌា ឆ្នាំក្រោយ ក្រោមការផ្តួចផ្តើមដោយផ្ទាល់ពីគ្រូសារមហាសេដ្ឋីមានបំផុតប្រចាំទ្វីបអាស៊ី។
ជាង៣ឆ្នាំបានកន្លងផុតទៅ ចាប់តាំងពីរងរបួសធ្ងន់ធ្ងរក្នុងការប្រកួតចាញ់កីឡាករសញ្ជាតិអាមេរិក Dustin Poirier នៅកម្មវិធី UFC 264 កាលពីឆ្នាំ ២០២១ កីឡាករ McGregor បានឃ្លាតឆ្ងាយពីអាជីពរបស់ខ្លួន។ កីឡាករវ័យ៣៦ឆ្នាំ ទទួលបានការទាក់ទងម្តងហើយម្តងទៀត សម្រាប់ការវិលត្រឡប់ ហើយកាលពីថ្មីៗនេះ McGregor ស្ទើរតែត្រូវទល់នឹងកីឡាករសញ្ជាតិអាមេរិក Michael Chandler នៅខែមិថុនា ឆ្នាំនេះទៅហើយ មុនពេលខកខានដោយសារបញ្ហារបួស។
ទោះយ៉ាងណាក៏ដោយ McGregor បង្ករឿងភ្ញាក់ផ្អើល ដោយអះអាងថា ការវិលត្រឡប់ទៅសង្វៀនរបស់ខ្លួន នឹងកើតឡើងនៅឆ្នាំ ២០២៥ ប៉ុន្តែលើសង្វៀនប្រដាល់សកលជាជាងការប្រកួតក្នុងទ្រុង។
យោងតាមរបាយការណ៍ពីសារព័ត៌មាន The Mac Life របស់ McGregor បានអោយដឹងថា ជំនួបដ៏កក្រើកនេះ នឹងធ្វើឡើងនៅឆ្នាំ ២០២៥ គឺជាផ្នែកមួយនៃយុទ្ធនាការទេសចរណ៍រដ្ឋាភិបាលឥណ្ឌា ។
លោក Mukesh Ambani មហាសេដ្ឋីជនជាតិឥណ្ឌា ដែលជាបុគ្គលអ្នកមានបំផុតប្រចាំទ្វីបអាស៊ី និងលំដាប់ទី៩លើពិភពលោក ជាមួយទ្រព្យសម្បត្តិសរុបជាង ១១៩ពាន់លានដុល្លារអាមេរិក។ កីឡាករ McGregor បានចែករំលែកការបង្ហោះលើបណ្តាញសង្គម X របស់លោក Emmett Glenn អ្នកកាសែតកីឡាគុនចម្រុះ MMA ពីសេចក្តីប្រកាសអំពីការប្រកួតរបស់ខ្លួន ហើយអ្នកប្រយុទ្ធអៀរឡង់រូបនេះ ដោយភ្ជាប់សញ្ញា Emojis បេះដូង និងទង់ជាតិឥណ្ឌា៕