×

អ្នកចាំទី Gianluigi Donnarumma វិលមកហ្វឹកហាត់វិញ ក្រោយធូរស្រាលរបួសមុខ

អ្នកចាំទី Gianluigi Donnarumma របស់ក្លិប Paris St Germain បានវិលត្រឡប់មកកាន់ការហ្វឹកហាត់វិញហើយ ក្រោយពីបានធូរស្រាលរបួសមុខរួចមក។

កីឡាករ អ៊ីតាលី វ័យ២៥ឆ្នាំ បានរងរបួសមុខខាងស្តាំយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីរូបគេត្រូវធាក់មួយជើងចំផ្ទៃមុខខាងស្តាំយ៉ាងពេញទំហឹងពី Wilfrid Singo កីឡាកររបស់ Monaco ក្នុងការប្រកួតក្របខណ្ឌ Ligue 1 កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤ ។

Gianluigi Donnarumma បានសង្គ្រោះបាល់ពី Wilfried Singo ក្នុងវគ្គទី១នៃការប្រកួតនៅ កីឡដ្ឋាន Stade Louis II ទើបធ្វើអោយរូបគេរងរបួសផ្ទៃមុខយ៉ាងធ្ងន់ធ្ងរបែបនេះ។ កីឡាករ Donnarumma បានដើរចេញពីទីលាន បន្ទាប់ពីត្រូវបានព្យាបាលដោយបុគ្គលិកពេទ្យរបស់ Paris Saint-Germain ហើយរបួសនោះ ធ្វើអោយគេត្រូវសម្រាកព្យាបាលមួយរយៈផងដែរ។

យ៉ាងណា ពេលនេះ Donnarumma បានវិលមកកាន់ការហ្វឹកហាត់ជាមួយមិត្តរួមក្រុមវិញ បន្ទាប់ពីបានធូរស្រាលរបួស ហើយរូបគេក៏បានត្រៀមខ្លួនក្នុងការជួយក្រុម Paris St Germain វិញផងដែរ ។

ដោយឡែក ក្រុម Paris St Germain កំពុងធ្វើបានល្អនៅក្នុងការប្រកួតក្របខណ្ឌ Ligue 1 រដូវកាលនេះ ដោយឆ្លងកាត់ ១៦ប្រកួតកន្លងមកពួកគេមិនទាន់ចាញ់ទេ គឺ ឈ្នះ ១២ ដង ស្មើ ៤ដង ដែលធ្វើអោយពួកគេមាន ៤០ពិន្ទ ឈរកំពូលតារាងនាំមុខក្រុមលេខ២ Marseille ចំនួន៧ពិន្ទុ។

Paris St Germain នឹងចាប់ផ្តើមការប្រកួតរបស់ខ្លួនក្នុងឆ្នាំថ្មី ឆ្នាំ២០២៥ដោយត្រូវប៉ះក្រុម Saint-Étienne នៅថ្ងៃទី ១២ ខែមករា ខាងមុខក្នុងក្របខណ្ឌ Ligue 1 មុនបន្តជួបក្រុម Espaly ក្នុងពានរង្វាន់ Coupe de France វគ្គ ៣២ ក្រុម ថ្ងៃទី ១៥ ខែមករា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង