
សារព័ត៌មាន Talksport បានរាយការណ៍អោយដឹងថា លោក Graham Potter កំពុងខិតកាន់តែកៀកការក្លាយជាគ្រូបង្វឹកថ្មីរបស់ West Ham United ជំនួសលោក Julen Lopetegui។
អតីតគ្រូបង្វឹក Brighton និង Chelsea លោក Graham Potter ត្រូវបានបង្ហើបថា បានចរចាកុងត្រា ដោយជោគជ័យ ហើយរំពឹងនឹងចូលកាន់តំណែងនៅ West Ham United ក្នុងពេលឆាប់ៗ ដោយកុងត្រានោះមានរយៈពេល៦ខែសិន ហើយបើលោកដឹកនាំក្លិបទទួលបានលទ្ធផលល្អនោះនឹងមានការបន្លាយកុងត្រាដល់រយៈពេល២ឆ្នាំ។
ប្រភពពីខាងដើមដដែលអោយដឹងថា West Ham United បានសម្រេចចិត្តចែកផ្លូវជាមួយគ្រូបង្វឹកបច្ចុប្បន្នលោក Julen Lopetegui ទៅហើយ គ្រាន់តែមិនទាន់ធ្វើការប្រកាសតែប៉ុណ្ណោះ។
លោក Julen Lopetegui បានចូលដឹកនាំ West Ham United ជំនួសលោក David Moyes កាលពីខែកក្កដា ឆ្នាំ២០២៤។ យ៉ាងណា ការដឹកនាំរបស់បុរស វ័យ៥៨ឆ្នាំ មិនមានលទ្ធផលល្អនោះទេ ដោយឆ្លងកាត់២២ប្រកួតកន្លងមក West Ham United ឈ្នះតែ៧ ស្មើ៥ ចាញ់១០ដង។
ក្នុងនោះដែរ ការចាញ់ Man City ៤-១ នៅជំនួបក្របខណ្ឌ Premier League កាលពីពេលកន្លងទៅ បានក្លាយជាការសម្រេចចិត្តចុងក្រោយរបស់ក្លិប អំពីអនាគតរបស់លោក Julen Lopetegui។
ឥឡូវនេះ លោក Graham Potter នឹងក្លាយជាក្តីសង្ឃឹមថ្មីរបស់ West Ham United ក្នុងការជួយស្រោចស្រង់ក្រុមញញួរយក្សអោយទទួលលទ្ធផលល្អឡើងវិញ។
សម្រាប់ លោក Graham Potter មិនមានក្លិបដឹកនាំមួយរយៈធំមកហើយ បន្ទាប់ពីត្រូវបញ្ចប់តំណែងនៅ Chelsea តាំងពីខែមេសា ឆ្នាំ២០២៣ មក។
ភារកិច្ចដំបូងរបស់លោក Graham Potter នឹងក្លាយជារឿងដ៏លំបាកមួយ ខណៈដែល West Ham ប៉ះក្រុម Aston Villa នៅកីឡដ្ឋាន Villa Park ក្នុងការប្រកួតជុំទី ៣ ពានរង្វាន់ FA Cup នៅចុងសប្តាហ៍នេះ មុនពេលពួកគេត្រូវវិលទៅកាន់ការប្រកួត Premier League ដោយត្រូវប៉ះ Fulham នៅថ្ងៃទី ១៤ ខែមករា ខាងមុខ៕