×

Dani Olmo និង Pau Victor ត្រូវបានអនុញ្ញាតអោយលេងសម្រាប់ Barcelona

ខ្សែបម្រើ Dani Olmo និងខ្សែប្រយុទ្ធ Pau Victor នឹងត្រូវបានអនុញ្ញាតអោយលេងសម្រាប់ Barcelona បន្ទាប់ពីក្រុមប្រឹក្សាកីឡាជាតិរបស់អេស្ប៉ាញតាមរយៈ តុលាការកីឡារដ្ឋបាល CSD បានអនុញ្ញាតអោយក្លិបនៅក្របខណ្ឌ La Liga មួយនេះ ចុះឈ្មោះកីឡាករទាំង២ជាបណ្តោះអាសន្ន ដោយការសម្រេចនេះធ្វើឡើង បន្ទាប់ពីអាជ្ញាធរបាល់ទាត់អេស្ប៉ាញបានបដិសេធសំណើរបស់ក្លិប។

Barcelona បានចុះហត្ថលេខាលើកីឡាករទាំង២នាក់ ប៉ុន្តែដោយសារតែក្លិបមិនអាចបំពេញតាមការកំណត់ហិរញ្ញវត្ថុរបស់ក្របខណ្ឌ La Liga ពួកគេត្រូវបានអនុញ្ញាតអោយចុះឈ្មោះសម្រាប់តែពាក់កណ្តាលរដូវកាលដំបូងប៉ុណ្ណោះ។

កន្លងទៅ សហព័ន្ធបាល់ទាត់អេស្ប៉ាញ RFEF និងស្ថាប័ន La Liga បានបដិសេធសំណើចុះឈ្មោះកីឡាករទាំងពីរសម្រាប់ពាក់កណ្តាលរដូវកាលដែលនៅសល់។

តុលាការចំនួន២ក៏ធ្លាប់បានច្រានចោលសំណើរបស់ Barcelona ប៉ុន្តែតុលាការកីឡារដ្ឋបាល CSD បានរក្សាការប្តឹងឧទ្ធរណ៍របស់ក្លិបដោយបញ្ជាក់ថា កីឡាករទាំង២ មានសិទ្ធិក្នុងអាជីពកីឡាស្របតាមសក្តានុពលរបស់ពួកគេជាមួយនឹងការធានាត្រឹមត្រូវ។

Dani Olmo ដែលត្រូវបានចុះហត្ថលេខាពី RB Leipzig ក្នុងកិច្ចសន្យារយៈពេល ៦ ឆ្នាំ កាលពីខែសីហា ឆ្នាំទៅ ក្នុងតម្លៃប្រហែល ៥៥ លានអឺរ៉ូ ហើយ Pau Victor ត្រូវបានចុះឈ្មោះត្រឹមតែពាក់កណ្តាលរដូវកាលដំបូងប៉ុណ្ណោះ ហើយការអនុញ្ញាតិរយៈពេល ៤ ខែរបស់ពួកគេបានផុតកំណត់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង