គ្រូបង្វឹក លោក Hansi Flick បានបង្ហាញពីភាពរីករាយក្រោយពីកីឡាករចំនួន២រូបគឺ ខ្សែបម្រើ Dani Olmo និងខ្សែប្រយុទ្ធ Pau Victor នឹងត្រូវបានអនុញ្ញាតអោយលេងសម្រាប់ Barcelona វិញ។
ជាការពិត Dani Olmo និង Pau Victor ត្រូវបានអនុញ្ញាតអោយលេងសម្រាប់ Barcelona បន្ទាប់ពីក្រុមប្រឹក្សាកីឡាជាតិរបស់អេស្ប៉ាញតាមរយៈ តុលាការកីឡារដ្ឋបាល CSD បានអនុញ្ញាតអោយក្លិបនៅក្របខណ្ឌ La Liga មួយនេះ ចុះឈ្មោះកីឡាករទាំង២ជាបណ្តោះអាសន្ន ដោយការសម្រេចនេះធ្វើឡើង បន្ទាប់ពីអាជ្ញាធរបាល់ទាត់អេស្ប៉ាញបានបដិសេធសំណើរបស់ក្លិប។
Barcelona បានចុះហត្ថលេខាលើកីឡាករទាំង២នាក់ ប៉ុន្តែដោយសារតែក្លិបមិនអាចបំពេញតាមការកំណត់ហិរញ្ញវត្ថុរបស់ក្របខណ្ឌ La Liga ពួកគេត្រូវបានអនុញ្ញាតអោយចុះឈ្មោះសម្រាប់តែពាក់កណ្តាលរដូវកាលដំបូងប៉ុណ្ណោះ។
កន្លងទៅ សហព័ន្ធបាល់ទាត់អេស្ប៉ាញ RFEF និងស្ថាប័ន La Liga បានបដិសេធសំណើចុះឈ្មោះកីឡាករទាំងពីរសម្រាប់ពាក់កណ្តាលរដូវកាលដែលនៅសល់។
តុលាការចំនួន២ក៏ធ្លាប់បានច្រានចោលសំណើរបស់ Barcelona ប៉ុន្តែតុលាការកីឡារដ្ឋបាល CSD បានរក្សាការប្តឹងឧទ្ធរណ៍របស់ក្លិបដោយបញ្ជាក់ថា កីឡាករទាំង២ មានសិទ្ធិក្នុងអាជីពកីឡាស្របតាមសក្តានុពលរបស់ពួកគេជាមួយនឹងការធានាត្រឹមត្រូវ។
យ៉ាងណា ក្រោយពីការតស៊ូក្តីរហូតមក ពេលនេះ Barcelona បានទទួលជោគជ័យ ដោយអាចចុះឈ្មោះកីឡាករទាំង២រូប សម្រាប់ការប្រកួតរបស់ក្រុមឡើងវិញ។ ជាមួយនឹងការសម្រេចនេះដែរ បានធ្វើអោយគ្រូបង្វឹក Barcelona លោក Hansi Flick មានភាពរីករាយ ព្រោះអាចរក្សាកីឡាករនៅជាមួយក្រុមបន្តបាន។
លោក Hansi Flick បានអោយដឹងថា “ ជាការពិតណាស់ ខ្ញុំពិតជារីករាយសម្រាប់កីឡាករទាំង២នាក់នេះ ហើយខ្ញុំក៏សប្បាយចិត្តសម្រាប់ក្រុមទាំងមូលផងដែរ។ អ្នកក៏អាចឃើញបន្ទាប់ពីព័ត៌មានផ្សព្វផ្សាយ គ្រប់គ្នារីករាយ ហើយវាជាភាពវិជ្ជមានដើម្បីការប្រកួតរបស់យើង។”
Barcelona ទើបបានយកឈ្នះ Athletic Bilbao ២-០ នៅវគ្គ៤ក្រុមចុងក្រោយ ពាន Spanish Super Cup ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រ ជួប Real Madrid ដែលបានយកឈ្នះ Mallorca ៣-០។ ការប្រកួតរវាង Barcelona និង Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ Spanish Super Cup នឹងធ្វើឡើងនៅចុងសប្តាហ៍នេះ នាកីឡដ្ឋាន King Abdullah Sports City ទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត៕