×

គ្រូ Barcelona ថា ខ្លួនមានមោទកភាពចំពោះកូនក្រុមក្រោយឈ្នះជើងឯក Spanish Super Cup

គ្រូបង្វឹក លោក Hansi Flick បាននិយាយថា រូបលោកមានមោទកភាពបំផុត ដែលក្រុម Barcelona របស់លោក បានយកឈ្នះក្រុមគូប្រជែង Real Madrid ដើម្បីក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Spanish Super Cup។

ជាការពិត Barcelona បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Spanish Super Cup 2025 បន្ទាប់ពីវាយបកយកឈ្នះក្រុម Real Madrid ដោយលទ្ធផល ៥-២ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ដែលធ្វើឡើងនាកីឡដ្ឋាន King Abdullah Sports City ទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។

ការប្រកួតនោះ Real Madrid ជាអ្នកនាំមុខមុនដោយគ្រាប់បាល់របស់ Kylian Mbappé នៅក្នុងនាទី៥ ប៉ុន្តែនាទី២២ Lamine Yamal បានតាមស្មើអោយ Barcelona វិញ។ នាទី៣៦ Barcelona បាននាំមុខវិញម្តង ដោយការទាត់បាល់ពិន័យ១១ម៉ែត្ររបស់ Robert Lewandowski ខណៈបាល់ពិន័យនេះកើតឡើងព្រោះ Eduardo Camavinga បង្កកំហុសលើ Gavi។ Barcelona កាន់តែបង្កើនទំនុកចិត្តរបស់ខ្លួន បន្ទាប់ពីរកបាន២គ្រាប់បន្ថែមមុនចប់វគ្គទី១ ដោយគ្រាប់បាល់របស់ Raphinha នៅនាទី៣៩ និង គ្រាប់បាល់របស់ Alejandro Balde នៅនាទី ៤៥+១០។

ចូលមកដល់វគ្គទី២ គ្រាប់បាល់ទី៥របស់ក្រុម Barcelona បានកើតឡើងដោយការស៊ុតរបស់ Raphinha ។ សម្រាប់ Real Madrid បានព្យាយាមវាយសម្រុកទៅវិញ ហើយរកបានគ្រាប់ទី២របស់ខ្លួន ដោយ Rodrygo ស៊ុត Free Kick នៅនាទី៦០។ យ៉ាងណា នាទីដែលនៅសល់មិនមានការស៊ុតបញ្ចូលទីទៀតទេ គឺលទ្ធផល Barcelona ៥ Real Madrid ២ បានបន្តដល់ចប់ការប្រកួត។

ជាមួយនឹងជ័យជំនះដ៏ធំលើគូប្រជែងយូរឆ្នាំ Real Madrid បានធ្វើអោយគ្រូបង្វឹករបស់ Barcelona លោក Hansi Flick មានភាពរីករាយយ៉ាងខ្លាំង និងបានសរសើរពីការលេងបានល្អរបស់កីឡាករមិនដាច់ពីមាត់។

គ្រូបង្វឹកជនជាតិអាល្លឺម៉ង់បានអោយដឹងក្រោយចប់ការប្រកួតដូច្នេះ “ ខ្ញុំពិតជាមានមោទនភាពបំផុត ចំពោះកីឡាករ ក្រុមបុគ្គលិករបស់ក្លិប រួមទាំងអ្នកគាំទ្រផងដែរ។ ថ្ងៃនេះយើងមានការប្រកួតដ៏អស្ចារ្យ ហើយបានទទួលជ័យជំនះយ៉ាងត្រចះត្រចង់លើគូប្រជែងធំរបស់យើង។ របៀបដែលកីឡាករលេងពិតជាល្អ ធ្វើអោយខ្ញុំរីករាយ ហើយយើងពិតជាត្រឹមត្រូវក្នុងការក្លាយជាជើងឯក។”

សូមបញ្ជាក់ថា នេះជាការឈ្នះ ពានរង្វាន់ Spanish Super Cup ជាលើកទី១៥របស់ Barcelona ហើយពួកគេជាក្រុមដែលឈ្នះពាននេះច្រើនជាងគេ ខណៈ Real Madrid ជាក្រុមឈ្នះពាននេះលំដាប់ទី២ ដោយឈ្នះបាន១៣ដង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង