កីឡាករដែលកំពុងឈរលេខ២ពិភពលោកមកពី អាល្លឺម៉ង់ Alexander Zverev បានបន្តឡើងដល់ជុំទី៣ នៃការប្រកួតវាយកូនបាល់កម្មវិធី Australian Open 2025។
ការឡើងមកនេះបន្ទាប់ពីកីឡាករ វ័យ២៧ឆ្នាំ បានជួបប្រកួតនឹងយកឈ្នះទៅលើកីឡាករអេស្ប៉ាញ Pedro Martínez នៅក្នុងការប្រកួតជុំទី២ ដោយលទ្ធផល 6-1 6-4 និង 6-1។
Alexander Zverev នឹងមកជួបកីឡាករអង់គ្លេស Jacob Fearnley ដែលបានទម្លាក់កីឡាករបារាំង Arthur Cazaux។
ការប្រកួត១គូទៀតគឺកីឡាករឆេក Jakub Menšík បានយកឈ្នះកីឡាករន័រវេស Casper Ruud នៅក្នុងការប្រកួតជុំទី២ ដោយលទ្ធផល 6-2 3-6 6-1 និង 6-4 ដើម្បីឡើងមកកាន់ជុំទី៣ ជួបកីឡាករអេស្ប៉ាញ Alejandro Davidovich Fokina ដែលបានយកឈ្នះកីឡាករកាណាដា Félix Auger-Aliassime។
ងាកមកកាន់ការប្រកួតខាងផ្នែកនារីវិញ កីឡាការិនីអេស្ប៉ាញ Paula Badosa បានយកឈ្នះកីឡាការិនីម្ចាស់ផ្ទះអូស្ត្រាលី Talia Gibson នៅក្នុងការប្រកួតជុំទី២ ដោយលទ្ធផល 6-1 និង 6-0ដើម្បីឡើងមកកាន់ជុំទី៣ ជួបកីឡាការិនីអ៊ុយក្រែន Marta Kostyuk ដែលបានយកឈ្នះកីឡាការិនីអាល្លឺម៉ង់ Jule Niemeier៕