×

អ្នកប្រណាំងរថយន្ត F1, Lewis Hamilton ថា រីករាយដែលបានចូលរួមជាមួយក្រុម Ferrari

អ្នកប្រណាំងរថយន្ត F1 ម្ចាស់ជើងឯកពិភពលោក ៧ ដង Lewis Hamilton បានធ្វើដំណើរមកដល់ក្រុម Ferrari ហើយ សម្រាប់ថ្ងៃដំបូងរបស់ខ្លួនជាមួយក្រុមថ្មី ។

ជិតមួយឆ្នាំចាប់តាំងពី Hamilton បានប្រកាសការសម្រេចចិត្តដ៏គួរអោយភ្ញាក់ផ្អើល ក្នុងការចាកចេញពីក្រុម Mercedes ជាកន្លែងដែលរូបគេបានឈ្នះជើងឯកពិភពលោកចំនួន ៦ដង ក្នុងចំណោមជើងឯកពិភពលោកទាំង៧ដង ដើម្បីមកចូលរួម ជាមួយក្រុម Ferrari។

ក្នុងការមកដល់ទីស្នាក់ការរបស់ក្រុមថ្មី នាទីក្រុង Maranello ប្រទេសអ៊ីតាលី កីឡាករអង់គ្លេស វ័យ៤០ឆ្នាំ បានបញ្ចេញពីអារម្មណ៍របស់ខ្លួនថា “មានថ្ងៃខ្លះដែលអ្នកដឹងថាអ្នកនឹងចងចាំជារៀងរហូត ហើយថ្ងៃនេះ ជាថ្ងៃទីមួយរបស់ខ្ញុំក្នុងនាមជាអ្នកបើកបរថ្មីរបស់ក្រុម Ferrari ។”

Hamilton បន្ថែមថា “ខ្ញុំមានសំណាងគ្រប់គ្រាន់ដែលសម្រេចបាននូវអ្វីៗក្នុងអាជីពរបស់ខ្ញុំ ខ្ញុំមិនដែលគិតថាអាចទៅរួចនោះទេ ប៉ុន្តែផ្នែកមួយរបស់ខ្ញុំតែងតែប្រកាន់ខ្ជាប់នូវក្តីសុបិននៃការប្រណាំងរថយន្តពណ៌ក្រហម។ ខ្ញុំមិនអាចសប្បាយចិត្តជាងនេះទេដែលដឹងពីសុបិនបានសម្រេចនៅថ្ងៃនេះ។”

Lewis Hamilton មានរដូវកាលដ៏អាក្រក់បំផុតក្នុងការប្រកួត Formula One កាលពីឆ្នាំមុន ដោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៧។ ការឈ្នះជើងឯកពិភពលោកចុងក្រោយរបស់ Hamilton បានកើតឡើងក្នុងឆ្នាំ ២០២០ ។

សម្រាប់ការមកចូលរួមនៅក្រុមថ្មី Ferrari កីឡករ Lewis Hamilton នឹងចាប់ដៃគូជាមួយកីឡាករម៉ូណាកូ Charles Leclerc ខណៈ រដូវកាលឆ្នាំ ២០២៥ នឹងចាប់ផ្តើមជាមួយនឹងកម្មវិធី Australian Grand Prix ចាប់ពីថ្ងៃទី ១៤-១៦ ខែមីនា ខាងមុខ នាទីក្រុង Melbourne ប្រទេសអូស្ត្រាលី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង