គ្រូ Barcelona លោក Hansi Flick បានធ្វើការកោតសរសើរដល់ការលេងយ៉ាងល្អរបស់ក្រុមគូប្រជែង Benfica ដែលធ្វើអោយពួកគេមានភាពលំបាកលំបិនខ្លាំងទម្រាំអាចយកឈ្នះការប្រកួតបាន។
ជាការពិត ក្រុមភ្ញៀវ Barcelona បានធ្វើការស៊ុតវាយបកយកឈ្នះទៅលើក្រុមម្ចាស់ផ្ទះ Benfica ដោយលទ្ធផល ៥-៤ ក្នុងការប្រកួតទី៧ នៃពានរង្វាន់ UEFA Champions League វគ្គ League Phase ។ ការប្រកួតនាកីឡដ្ឋាន Estádio da Luz នេះ ពិតជាមានការស៊ុតសម្រុកគ្នាយ៉ាងខ្លាំងក្លា រវាងក្រុមទាំង២ដែលមានការស៊ុតគ្នាគ្រាប់បាល់កើតឡើងចំនួន៩គ្រាប់ ហើយ Barcelona បានវាយបកយកឈ្នះវិញនៅចុងម៉ោង បន្ទាប់ពី Benfica នាំមុខ ៣-១ នៅវគ្គ១។
ដំបូងឡើយ Benfica មានឱកាសច្រើនណាស់ដោយ Vangelis Pavlidis ស៊ុតនាំមុខនៅក្នុងនាទី២តែ Robert Lewandowski ស៊ុតបាល់ពិន័យ១១ម៉ែត្រតាមស្មើវិញនៅនាទី១៣។ យ៉ាងណា Benfica រកបាន២គ្រាប់បន្ថែមទៀតដោយ Vangelis Pavlidis ដដែលនៅនាទី២២ និង នាទី៣០ ដែលជាបាល់ពិន័យ១១ម៉ែត្រ។
ចូលដល់វគ្គទី២ ការប្រកួតកាន់តែមានភាពជក់ចិត្តខ្លាំងឡើងៗតែ Barcelona បានបង្ហាញការលេងល្អជាង។ Raphinha ជាអ្នករកបានគ្រាប់ទី២របស់ Barcelona ប៉ុន្តែគ្រាប់បាល់ចូលទីខ្លួនឯងរបស់ Ronald Araújo បង្កើនការនាំមុខអោយ Benfica។ យ៉ាងណា Barcelona វាយសម្រុកយកបាន៣គ្រាប់មកវិញ ដោយ Robert Lewandowski ស៊ុតបាល់ពិន័យ១១ម៉ែត្រ នៅនាទី៧៨ បូករួមគ្រាប់បាល់របស់ Eric García នៅនាទី៨៦ និង គ្រាប់បាល់របស់ Raphinha នៅនាទី៩០+៦។ នាទី៩០+៨ Benfica សល់គ្នាតែ១០នាក់ ក្រោយ Arthur Cabral ត្រូវពិន័យកាតក្រហម ប៉ុន្តែលទ្ធផលមិនមានការប្រែប្រួលរហូតដល់ចប់ការប្រកួត។
ទោះបានឈ្នះការប្រកួតមែន ប៉ុន្តែ គ្រូ Barcelona លោក Hansi Flick បានទទួលស្គាល់ពីការលេងយ៉ាងល្អរបស់ក្រុមគូប្រជែង ដែលធ្វើអោយក្រុមរបស់លោកឈ្នះទាំងពិបាក។
លោក Hansi Flick បានអោយដឹងដូច្នេះ “ វាជាការប្រកួតដ៏ពិបាកមួយ។ Benfica បានធ្វើយ៉ាងល្អ ជាពិសេសនៅវគ្គទី១ ស្របពេលដែលយើងធ្វើអោយមានកំហុសជាច្រើនដង ទើបរបូតគ្រាប់បាល់ជាបន្តបន្ទាប់។ យ៉ាងណា ពួកយើងបានពង្រឹងស្មារតីមកវិញហើយធ្វើការវាយបករហូតទទួលបានជ័យជំនះ។ ខ្ញុំសរសើរគូប្រកួតដែលធ្វើបានល្អ ប៉ុន្តែខ្ញុំពេញចិត្តចំពោះលទ្ធផលដែលកីឡាកររបស់ខ្ញុំប្រឹងប្រែងខ្លាំងជាង។”
Barcelona នៅតែឈរចំណាត់ថ្នាក់លេខ២ ក្នុងតារាង UEFA Champions League វគ្គ League Phase មាន១៨ពិន្ទុ ពីក្រោមក្រុមកំពូលតារាង Liverpool ៣ពិន្ទុ និងពីលើក្រុមលេខ៣ Atlético Madrid ចំនួន៣ពិន្ទុ។ ជាមួយលទ្ធផលនេះ Barcelona ក៏បានទទួលកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយរួចរាល់ផងដែរ៕