×

អ្នកវាយកូនបាល់ Jannik Sinner បន្តឡើងវគ្គ៤នាក់ចុងក្រោយកម្មវិធី Australian Open 2025

កីឡាករដែលកំពុងឈរលេខ១ពិភពលោក មកពីអ៊ីតាលី Jannik Sinner បានបន្តឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតវាយកូនបាល់កម្មវិធី Australian Open 2025។

ការឡើងមកនេះបន្ទាប់ពីកីឡាករ វ័យ ២៣ឆ្នាំ បានយកឈ្នះទៅលើ កីឡាករដែលកំពុងឈរលេខ៨ពិភពលោក និងជាម្ចាស់ផ្ទះផង នោះគឺកីឡាករអូស្ត្រាលី Alex de Minaur នៅក្នុងវគ្គ៨នាក់ចុងក្រោយ ដោយលទ្ធផល 6-3 6-2 និង 6-1។

Jannik Sinner នឹងបន្តទៅជួបកីឡាករអាមេរិក Ben Shelton ដែលបានទម្លាក់កីឡាករអ៊ីតាលី Lorenzo Sonego។

ងាកមកកាន់ការប្រកួតខាងផ្នែកនារីវិញ កីឡាការិនីដែលកំពុងឈរលេខ២ពិភពលោកមកពីប៉ូឡូញ Iga Świątek បានយកឈ្នះកីឡាការិនីដែលកំពុងឈរលេខ៨ពិភពលោក មកពីអាមេរិក Emma Navarro នៅក្នុងការប្រកួតវគ្គ៨នាក់ចុងក្រោយដោយលទ្ធផល 6-1 និង 6-2។

Iga Świątek នឹងបន្តឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយទៅជួបកីឡាការិនីអាមេរិកមួយរូបទៀតគឺកីឡាការិនី Madison Keys ដែលឡើងមកចាំរួចជាស្រេចក្រោយយកឈ្នះកីឡាការិនី អ៊ុយក្រែន Elina Svitolina៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង