ក្លិបអ៊ីតាលី Juventus បានចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធ Randal Kolo Muani ពីក្លិបបារាំង Paris St Germain ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចប់រដូវកាលនេះ។ នេះបើតាមការប្រកាសពីក្លិបនៅក្របខណ្ឌ Serie A។
ចំពោះតម្លៃនៃការផ្ទេរកីឡាករ វ័យ២៦ឆ្នាំ មានប្រមាណ ១លានអឺរ៉ូ បូកថ្លៃចំណាយផ្សេងៗទៀត សរុបប្រមាណ ២,៦ លានអឺរ៉ូ។
កីឡាករវ័យ២៦ឆ្នាំរូបនេះ បានចូលរួមជាមួយ Paris St Germain ដោយផ្ទេរមកពី ក្លិបអាល្លឺម៉ង់ Eintracht Frankfurt កាលពីខែកញ្ញា ឆ្នាំ២០២៣ ជាមួយតម្លៃដល់ទៅ ៩០លានអឺរ៉ូ។ នៅរដូវកាលដំបូង Randal Kolo Muani បានបង្ហាញខ្លួនលេងយ៉ាងទៀងទាត់ជាមួយ Paris St Germain ដោយបង្ហាញខ្លួន ៤០ប្រកួត ស៊ុតបាន ៩គ្រាប់។
យ៉ាងណាមិញ Randal Kolo Muani បានស្ថិតនៅក្រៅគម្រោងរបស់ Paris St Germain នៅរដូវកាលនេះ ហើយរូបគេពិតជាមានភាពលំបាក ក្នុងការស្វែងរកឱកាសលេង ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Luis Enrique ដោយបង្ហាញខ្លួនបានតែ១៤ដង ស៊ុតបាន២គ្រាប់ គ្រប់ការប្រកួត។
សម្រាប់ Juventus កំពុងធ្វើបានល្អ ដោយពួកគេជាក្រុមតែមួយគត់នៅក្នុងក្របខណ្ឌ Serie A រដូវកាលនេះ ដោយមិនទាន់ស្គាល់ការចាញ់នោះទេ ក្រោយឆ្លងកាត់ ២១ប្រកួត ឈ្នះ ៨ ស្មើ១៣ ដង មាន ៣៧ពិន្ទុ កំពុងឈរលេខ៥ក្នុងតារាងពិន្ទុ។
ការប្រកួតជាបន្តក្នុងក្របខណ្ឌ Serie A របស់ Juventus គឺនឹងត្រូវប៉ះ Napoli នៅកីឡដ្ឋាន Stadio Diego Armando Maradona នៅចុងសប្តាហ៍នេះ៕