Real Madrid បានក្លាយជាក្លិបបាល់ទាត់ដំបូងគេដែលបានចុះបញ្ជីប្រាក់ចំណូលមួយពាន់លានអឺរ៉ូ ក្នុងមួយរដូវកាល ក្នុងឆ្នាំ ២០២៣-២៤ ដោយក្លិបអេស្ប៉ាញមួយនេះបានឈរនៅកំពូលតារាង ស្ថាប័ន Deloitte Football Money League ជាក្លិបដែលរកចំណូលបានច្រើនជាងគេលើពិភពលោកម្តងទៀត។
Real Madrid បានវ៉ាដាច់ Man City ដើម្បីត្រលប់មកកំពូលតារាងវិញ បន្ទាប់ពីក្លិបមេឃខៀវរកបានប្រាក់ចំណូលសរុប ៨៣១ លានអឺរ៉ូ កាលពីរដូវកាល ២០២២-២៣ ។
ពានរង្វាន់ចំនួន៣ក្នុងយុទ្ធនាការឆ្នាំ ២០២៣-២៤ ដែលរួមទាំង La Liga និង UEFA Champions League បូករួមទាំងការកើនឡើងនៃប្រាក់ចំណូលនៃការប្រកួតបន្ទាប់ពីការបញ្ចប់ការងារជួសជុលនៅកីឡដ្ឋាន Bernabeu បានធានាអោយ Real Madrid ស្ថិតនៅលើកំពូលតារាងវិញ រកបានដល់ទៅ ១,០៤ ពាន់លានអឺរ៉ូ។
ស្ថាប័ន Deloitte បាននិយាយថា ប្រាក់ចំណូលនៃការប្រកួតរបស់ Real Madrid បានកើនឡើងទ្វេដងដល់ ២៤៨ លានអឺរ៉ូ ខណៈដែលម្ចាស់ឧបត្ថម្ភនៅលើអាវ និងការកើនឡើងនៃការលក់របស់ក្លិបបានធ្វើអោយទំហំប្រាក់ចំណូលពាណិជ្ជកម្មមានចំនួន ៤៨២ លានអឺរ៉ូ ដែលជាការកើនឡើង ១៩ភាគរយ ។
របាយការណ៍ដដែលក៏បាននិយាយផងដែរថា ក្លិបរកចំណូលបានច្រើនជាងគេទាំង ២០នៅលើពិភពលោកបានបំបែកឯតទគ្គកម្មចំនួន ១១,២ ពាន់លានអឺរ៉ូក្នុងរដូវកាល ២០២៣-២៤ ដោយសារកំណត់ត្រាលក់សំបុត្រថ្ងៃប្រកួត ការផ្សាយ និងប្រាក់ចំណូលពាណិជ្ជកម្ម។
ប្រាក់ចំណូលរបស់ Real Madrid បានរុញ Man City ទៅចំណាត់ថ្នាក់លេខ ២ ក្នុងតារាង Deloitte Football Money League ជាមួយនឹងប្រាក់ចំណូល ៨៣៨ លានអឺរ៉ូ។ ទោះបីជាបែបនេះក្តី Man City នៅតែជាក្លិបដែលរកចំណូលបានច្រើនជាងគេក្នុងក្របខណ្ឌ Premier League ដដែល។
ក្លិបដែលរកចំណូលបានច្រើនបន្តបន្ទាប់មានដូចជា Paris St Germain រកបាន ៨០៦ លានអឺរ៉ូ, Manchester United រកបាន ៧៧១ លានអឺរ៉ូ និង Bayern Munich រកបាន ៧៦៥លានអឺរ៉ូ ដើម្បី ឡើងលើកំពូលទាំង៥៕