×

អ្នកវាយកូនបាល់ Jannik Sinner ជោគជ័យការពារជើងឯកពានរង្វាន់ Australian Open

ការប្រកួតវាយកូនបាល់កម្រិត Grand Slam ទី១ប្រចាំរដូវកាល កម្មវិធី Australian Open 2025 បានបញ្ចប់ជាស្ថាពរហើយ ក្រោយពីដំណើរការរយៈពេល២សប្តាហ៍កន្លងមក នាទីក្រុង Melbourne ប្រទេសអូស្ត្រាលី។

នៅក្នុងនោះគេក៏រកឃើញអ្នកឈ្នះជើងឯកផ្នែកបុរសដែរ នោះគឺកីឡាករដែលកំពុងឈរលេខ១ពិភពលោកមកពីអ៊ីតាលី Jannik Sinner ដោយបានយកឈ្នះទៅលើកីឡាករដែលកំពុងឈរលេខ២ពិភពលោកមកពីអាល្លឺម៉ង់ Alexander Zverev នៅក្នុងវគ្គផ្តាច់ព្រ័ត្រ តាមរយៈលទ្ធផល 6-3 7-6 និង 6-3។

នេះជាការទទួលជោគជ័យក្នុងការការពារតំណែងជើងឯក Australian Open របស់ Jannik Sinner បន្ទាប់ពីបានឈ្នះលើកដំបូងក្នុងឆ្នាំ ២០២៤ រួចមក។ កីឡាករវ័យ២៣ឆ្នាំ ក៏បានក្លាយជា ជនជាតិអ៊ីតាលីដំបូងគេ ដែលបានឈ្នះពានរង្វាន់កម្រិត Grand Slam ចំនួន៣ដង ដែលរួមមាន Australian Open ២ដង និង US Open ១ដង។

ងាកមកកាន់ការប្រកួតផ្នែកនារីវិញ កីឡាការិនីអាមេរិក Madison Keys បានក្លាយជាម្ចាស់ជើងឯក ក្នុងឆ្នាំ២០២៥នេះ ក្រោយពីយកឈ្នះម្ចាស់ជើងឯកឆ្នាំមុន កីឡាការិនីបែលឡារុស Aryna Sabalenka នៅក្នុងវគ្គផ្តាច់ព្រ័ត្រ តាមរយៈលទ្ធផល 6-3 2-6 និង 7-5។

នេះជាលើកដំបូងក្នុងអាជីពដែល កីឡាការិនី វ័យ២៩ឆ្នាំ បានឈ្នះជើងឯកពានរង្វាន់កម្រិត Grand Slam ។

សូមបញ្ជាក់ថា កម្មវិធី Australian Open បានដំណើរការរយៈពេល ១១៣ ដង ហើយក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ហើយសម្រាប់ជើងឯកនឹងទទួលបានប្រាក់រង្វាន់ប្រមាណ ២លាន ២សែនដុល្លារ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង