
គ្រូបង្វឹកក្រុម Barcelona លោក Hansi Flick បានសរសើរការតាំងចិត្តរបស់កូនក្រុម ថាជាចំណុចសំខាន់ ដែលអាចធ្វើអោយក្រុម អាចយកឈ្នះលើក្រុម Valencia ក្នុងលទ្ធផលដ៏ធំ ៧-១ នៅក្នុងជំនួបក្របខណ្ឌ La Liga។
បន្ទាប់ពីរងការខកចិត្តដោយមិនបានឈ្នះ៤ប្រកួតជាប់ៗគ្នា នៅក្នុងការប្រកួតលីគកំពូលអេស្ប៉ាញនេះ ការប្រកួតកាលពីយប់មិញ Barcelona ក៏បានរកឃើញភាពរីករាយមកវិញ។ គិតត្រឹមវគ្គទី១ ក្រុម Barcelona អាចបានគ្រាប់បាល់ដល់ទៅ ៥គ្រាប់ឯណោះ ដែលធ្វើបានដោយ Frenkie De Jong នៅនាទី ៣ Ferran Torres នាទី៨ Raphinha នាទី១៤ និង Fermín López រកបាន២គ្រាប់ម្នាក់ឯងនៅនាទី ២៤ និង ៤៥+៤។
ចូលមកដល់វគ្គទី២ ក្រុម Valencia តាមបាន១គ្រាប់ដោយ Hugo Duro នៅនាទី ៥៩ ប៉ុន្តែ ក៏ត្រូវបាន ក្រុម Barcelona វាយសម្រុកតាមបាន២គ្រាប់បន្ថែមទៀត ដោយ Robert Lewandowski នៅនាទី ៦៦ និងបាល់ចូលទីខ្លួនឯងរបស់ Cesar Tarrega នៅនាទី ៧៥។
បន្ទាប់ពីមើលឃើញការតាំងចិត្ត យកឈ្នះការប្រកួតរបស់កូនក្រុម គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ សរសើរកូនមិនដាច់ពីមាត់ ពីការខំប្រឹងរបស់ពួកគេ។
លោក Hansi Flick បានអោយដឹងដូច្នេះ “វាគឺជាការប្រកួតដ៏ស្វិតស្វាញ តែរឿងសំខាន់បំផុតនោះ គឺការតាំងចិត្តដែលយើងមាន។ យើងអាចវាយបកឈ្នះការប្រកួត ដែលនេះ ជារឿងដ៏អស្ចារ្យបំផុត។ ដូច្នេះ នេះក៏ជាហេតុផលដែលយើងស្រលាញ់ក្រុមមួយនេះ ដែលពោរពេញទៅដោយការស្រេកឃ្លានជ័យជំនះ។ វាជារឿងដ៏រីករាយដែលខ្ញុំបានទទួលពីកីឡាកររបស់ខ្ញុំ។”
ក្រោយបញ្ចប់ការប្រកួត Barcelona នៅឈរនៅចំណាត់ថ្នាក់លេខ ៣ ក្នុងតារាងពិន្ទុក្របខណ្ឌ La Liga ដោយមាន ៤២ពិន្ទុ ក្រោយឆ្លងកាត់២១ប្រកួត។ ចំណាត់ថ្នាក់លេខ២ កាន់កាប់ដោយ Atlético Madrid មាន ៤៥ពិន្ទុ ហើយចំណាត់ថ្នាក់កំពូលតារាងកាន់កាប់ដោយ Real Madrid មាន ៤៩ពិន្ទុ ក្រោយលេងបាន ២១ប្រកួតដូចគ្នា៕