សហព័ន្ធបាល់ទាត់អេស្ប៉ាញ RFEF បានប្រកាសថា គ្រូបង្វឹក Luis de la Fuente បានចុះហត្ថលេខាលើការបន្តកិច្ចសន្យាដែលនឹងរក្សារូបលោកក្នុងតួនាទីដឹកនាំក្រុមជម្រើសជាតិអេស្ប៉ាញ រហូតដល់ ឆ្នាំ២០២៨។
កិច្ចសន្យាថ្មីនេះមានន័យថា លោក Luis de la Fuente នឹងនៅជាមួយក្រុមរហូតដល់ព្រឹត្តិការណ៍ UEFA Euro 2028។
បុរសវ័យ៦៣ឆ្នាំ មានសុពលភាពក្នុងកិច្ចសន្យាចាស់ដល់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ២០២៦ ប៉ុន្តែក្រោយការពិភាក្សាកន្លងមក RFEF បានសម្រេចអោយរូបលោកបន្តកាន់ការងារដល់ UEFA Euro 2028 ដែលពួកគេគឺជាក្រុមការពារតំណែងជើងឯក។
លោក De la Fuente បានចាប់ផ្តើមបង្វឹកក្រុមបាល់ទាត់ជម្រើជាតិយុវជនរបស់អេស្ប៉ាញក្នុងឆ្នាំ ២០១៣ ដោយចាប់ផ្តើមពីក្រុមអាយុក្រោម ១៩ឆ្នាំ មុនពេលដឹកនាំក្រុមអាយុក្រោម ២៣ ឆ្នាំអោយទទួលបានមេដាយប្រាក់នៅក្នុងព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ។ លោកបានមកកាន់តំណែងក្នុងក្រុមឈុតធំ នៅខែធ្នូ ឆ្នាំ២០២២ ក្រោយពីលោក Luis Enrique បានលាលែងពីតំណែង ក្រោយពីអេស្ប៉ាញធ្លាក់ចេញពីព្រឹត្តិការណ៍ FIFA World Cup 2022 ក្រោមថ្វីជើងក្រុមម៉ារ៉ុក នៅវគ្គ៨ក្រុម ដោយការទាត់បាល់កាត់សេចក្តី ១១ម៉ែត្រ ៣-០ ក្រោយស្មើគ្នា ០-០ នៅ១២០នាទី។
ក្នុងការដឹកនាំកន្លងមក លោក Luis de la Fuente បានជួយក្រុមអេស្ប៉ាញឈ្នះពានរង្វាន់ UEFA Nations League 2022-23 មុនបន្តឈ្នះពានរង្វាន់ UEFA Euro 2024 ដែលធ្វើអោយពួកគេវ៉ាហួសក្រុមអាល្លឺម៉ង់ ក្លាយជាក្រុមឈ្នះពានរង្វាន់កំពូលទ្វីបអឺរ៉ុបច្រើនជាងគេចំនួន៤ដង។
លោក Luis de la Fuente បានដឹកនាំក្រុមអេស្ប៉ាញ ២៨ប្រកួត ដោយឈ្នះ ២៣ដង ស្មើ៣ដង ចាញ់២ដង ដោយមានភាគរយដឹកនាំឈ្នះ ៨៦,៩៦ ភាគរយ។
អេស្ប៉ាញនឹងមានការប្រកួត វគ្គជម្រុះ UEFA Nations League 2024–25 ២ប្រកួត ដោយត្រូវប៉ះហូឡង់ចំនួន២ដង នៅថ្ងៃទី ២០ និង ថ្ងៃទី២៣ នៅខែមីនាខាងមុខ៕