×

ខ្សែការពារ Alphonso Davies ថា ខ្លួនរីករាយក្រោយបានកុងត្រាថ្មីពី Bayern Munich

ខ្សែការពារ Alphonso Davies បាននិយាយថា រូបគេពិតជាមានភាពរីករាយ និង មោទនភាព ដែលបានទទួលកុងត្រាថ្មីរយៈពេលវែងពីក្លិប Bayern Munich។

ជាការពិត Alphonso Davies បានសម្រេចចុះកុងត្រាថ្មីចំនួន៥ឆ្នាំបន្ថែមទៀតជាមួយ ក្លិបនៅលីគកំពូលអាល្លឺម៉ង់ ពោលគឺរហូតដល់ខែមិថុនា ឆ្នាំ២០៣០។

កីឡាករកាណាដា បានចូលរួមជាមួយ Bayern Munich ដោយផ្លាស់មកពី ក្លិបនៅប្រទេសកំណើត Vancouver Whitecaps FC កាលពីឆ្នាំ២០១៨ ដោយមកទល់ពេលនេះ គេបានបង្ហាញខ្លួន ២២០ ប្រកួតសម្រាប់ក្លិបអាល្លឺម៉ង់ និង អាចស៊ុតបញ្ចូលទីបាន ១២គ្រាប់ រួមទាំងចែកបាល់សម្រេចទី បាន ៣៤ដង ផងដែរ។

កុងត្រាចាស់របស់ Alphonso Davies នឹងត្រូវផុតនៅខែមិថុនា ឆ្នា២០២៥ ប៉ុន្តែ ក្លិបមិនចង់អោយកីឡាករសំខាន់របស់ខ្លួនចាកចេញនទេ ទើបសម្រេចបន្តកុងត្រារយៈពេលវែងដល់រូបគេ។

កុងត្រាថ្មីនេះ ក៏ជាការផ្តាច់ចំណាប់អារម្មណ៍ពីក្លិបនានា ចំពោះកីឡាករ វ័យ២៤ឆ្នាំនេះដែរ ជាពិសេស ក្លិប Real Madrid ខណៈកន្លងមក ក្លិបនៅអេស្ប៉ាញ បានធ្វើការចរចា និងឈានដល់កិច្ចព្រមព្រៀងផ្ទាល់មាត់ក្នុងការនាំយករូបគេ នៅរដូវក្តៅឆ្នាំ២០២៥។

ជាមួយការទទួលបានកុងត្រាថ្មីនេះដែរ សាមីកីឡាករ Alphonso Davies បានបញ្ចេញអារម្មណ៍រីករាយរបស់ខ្លួនថា “ ខ្ញុំពិតជារីករាយ ដែលទទួលបានការបន្តកុងត្រាថ្មី រយៈពេលច្រើនឆ្នាំទៀតជាមួយក្លិបអស្ចារ្យដូចជា Bayern Munich នេះ។ ខ្ញុំនៅតែចង់សិក្សាស្វែងយល់បន្ថែមពីក្លិប អោយបានច្រើនតាមដែលអាចធ្វើទៅបាន និង ព្យាយាមអភិវឌ្ឈន៍ខ្លួនអោយកាន់តែប្រសើរ។ ខ្ញុំបានទទួលជោគជ័យច្រើនជាមួយ Bayern Munich ហើយ ប៉ុន្តែខ្ញុំចង់បានអ្វីលើសពីនេះទៀតជាមួយក្លិប។”

រយៈកាលកន្លងមក Alphonso Davies បានជួយ Bayern Munich យ៉ាងច្រើននិងបានរួមចំណែកឈ្នះពានរង្វាន់នានាដូចជា Bundesliga ៥ដង DFB-Pokal ២ដង DFL-Supercup ៣ដង UEFA Champions League ១ដង UEFA Super Cup ១ដង និង FIFA Club World Cup ១ដង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង