×

កម្ពុជានឹង​អាចមាន​សង្ឃឹម​កាន់តែខ្ពស់ ក្នុងការឡើង​ទៅកាន់វគ្គបន្ត បើមិន​របូត​២គ្រាប់​ទល់នឹងហុងកុង

ការប្រកួតរបស់ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ ជាមួយនឹងក្រុមជម្រើសជាតិជប៉ុន អាយុក្រោម២៣ឆ្នាំ នៅក្នុងប្រទេសជប៉ុន
សម្រាប់ពូល K នៃវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup 2022 នៅព្រឹកថ្ងៃទី២៦ ខែតុលា
នេះ បានបញ្ចប់ទៅ ដោយកម្ពុជា ទទួលបរាជ័យក្រោមថ្វីជើង ជប៉ុនដែលជាក្រុមខ្លាំងប្រចាំតំបន់អាស៊ី ក្នុងលទ្ធផល ៤-០ ។

លទ្ធផលនេះ បានធ្វើឱ្យកម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ២បណ្ដោះអាសន្ន ដោយមាន ៣ពិន្ទុ ស្មើនឹងជប៉ុន ដែលមាន ៣ពិន្ទុដូចគ្នា ប៉ុន្តែយុវជនរបស់ក្រុមរហស្សនាមសាមូរ៉ៃ មានគ្រាប់បាល់ចំណេញ ៤គ្រាប់ និងសល់១ប្រកួតក្នុងដៃ (ទល់នឹងហុងកុង)។

ចំណែក កម្ពុជាពុំមានគ្រាប់បាល់ចំណេញឡើយ តែជំពាក់ ២គ្រាប់ បន្ទាប់ពីយកឈ្នះហុងកុង កាលពីជំនួបបើកឆាក ដោយលទ្ធផល ៤-២ ។ សម្រាប់ហុងកុង ពួកគេ ជំពាក់២គ្រាប់ផងដែរ និងត្រូវប៉ះជប៉ុននៅប្រកួតបន្ទាប់ ដែលយើងស្ទើរតែអាចទស្សន៍ទាយលទ្ធផលបានថា ក្រុមណានឹងទទួលបានជ័យជម្នះ។

ក្ដីសង្ឃឹមរបស់កម្ពុជា ក្នុងការឈរនៅលេខ២ ក្នុងពូល K មានខ្ពស់ ប៉ុន្តែលទ្ធភាពនៃការឡើងទៅកាន់វគ្គបន្តសម្រាប់ជុំផ្ដាច់ព្រ័ត្រពានរង្វាន់ AFC U-23 Asian Cup 2022 នឹងមានកាន់តែខ្ពស់ ប្រសិនបើកម្ពុជា មានគ្រាប់បាល់ចំណេញដើម្បីប្រជែងជាមួយក្រុមលេខ២ល្អជាងគេក្នុងពូលផ្សេងៗទៀត។

បច្ចុប្បន្ន ការប្រកួតនៅពូលដទៃទៀត កំពុងដំណើរការនៅឡើយ យើងនៅតែមានសង្ឃឹមសម្រាប់កម្ពុជា។

សូមជម្រាបថា វគ្គជម្រុះ AFC U-23 Asian Cup 2022 សរុបមាន១១ពូល ក្នុងនោះ មាន៦ពូល ដែលពូលនីមួយៗមាន ៤ក្រុម, ៤ពូល ដែលពូលនីមួយៗមាន ៣ក្រុម និងពូល ១ទៀត មាន តែ២ក្រុមប៉ុណ្ណោះ។ ដោយសារចំនួនក្រុមមិនស្មើគ្នា បើយោងតាមរូបមន្ត សម្រាប់ពូល ដែលមាន ៤ក្រុម, ក្រុមដែលស្ថិតនៅលេខ ២ក្នុងពូល, គេ មិនរាប់ពិន្ទុនិងគ្រាប់បាល់ ចំពោះការប្រកួតទល់នឹងក្រុម ដែលបញ្ចប់ទៅស្ថិតនៅបាតតារាងក្នុងពូល ទោះចាញ់ឬឈ្នះក៏ដោយ ដើម្បីយកទៅប្រៀបធៀបយកលេខ២ល្អជាងគេនោះទេ។

ចំណែក ពូលដែលមាន២ក្រុម ត្រូវប្រកួត ២ជើង ហើយក្រុមដែលចាញ់នឹងធ្លាក់តែម្ដង ដោយមិនយកមកប្រៀបធៀបដើម្បីប្រជែងយកលេខ២ល្អជាងគេឡើយ ។ ជាក់ស្ដែងពូល G មានតែ២ក្រុមប៉ុណ្ណោះពោលគឺ ឥណ្ឌូណេស៊ី និងអូស្ត្រាលី បន្ទាប់ពីចិន និងប៊្រុយណេ បានដកខ្លួនពីការប្រកួត។

សូមជម្រាបថា ក្រុមលេខ១នៃពូលនីមួយៗ ពោលគឺ ១១ក្រុម និងក្រុមលេខ២ល្អចំនួន៤ក្រុម នឹងឡើងទៅកាន់វគ្គបន្ត៕

អ្នកអាចចែករំលែកដោយ៖

Loading...
អត្ថបទទាក់ទង