×

អ្នកការពារជើងឯកពិភពលោកម៉ូតូ GP Jorge Martin រងរបួសធ្ងន់ធ្ងរ ក្នុងការបើកបរសាកល្បងមុនរដូវកាលថ្មី

អ្នកការពារជើងឯកពិភពលោក ការប្រណាំងម៉ូតូ GP កីឡាករអេស្ប៉ាញ Jorge Martinបានរងរបួស បាក់ដៃ និងជើង ក្រោយជួបឧប្បត្តិហេតុ ក្នុងការបើកបរសាកល្បងមុនបើករដូវកាលថ្មី ២០២៥ នា ទីក្រុង Sepang ប្រទេសម៉ាឡេស៊ី។

របួសធ្ងន់ធ្ងររបស់កីឡាករវ័យ ២៧ឆ្នាំ តម្រូវអោយរូបគេត្រូវធ្វើការវះកាត់ព្យាបាល និង ត្រូវចំណាយពេលវេលាច្រើន ដែលនាំអោយមានការសង្ស័យពីការប្រកួតរបស់គេនៅក្នុងរដូវកាលនេះ។

Jorge Martin ដែលបានផ្លាស់ពីក្រុម Pramac Racing ទៅក្រុម Aprilia បន្ទាប់ពីឈ្នះជើងឯកពិភពលោកម៉ូតូ GP ឆ្នាំ ២០២៤ បានបាត់បង់ការគ្រប់គ្រងលើយានយន្ត អំឡុងបើកបរការសាកល្បង ដែលធ្វើអោយម៉ូតូដួល ហើយរូបគេបានប៉ើងទៅលើអាកាសធ្លាក់ចុះមកវិញជួបរបួសធ្ងន់ធ្ងរតែម្តង។ រូបគេត្រូវបានរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះ។

ទាក់ទិននឹងបញ្ហានេះ ខាងស្ថាប័នការប្រណាំងម៉ូតូ GP បានចេញសេចក្តីថ្លែងការណ៍ថា “Jorge Martin បានរងរបួសបាក់ឆ្អឹងដៃស្តាំ និងបាក់ឆ្អឹងជើងឆ្វេង។ រូបគេនឹងត្រូវត្រឡប់ទៅអឺរ៉ុបវិញដើម្បីទទួលការវះកាត់ទាំងដៃស្តាំ និងជើងឆ្វេង។”

ការធ្វើតេស្តសាកល្បងការបើកបរម៉ូតូ GP មុនការប្រកួតនៅក្នុងរដូវកាល ២០២៥ នឹងដំណើរការនៅប្រទេសម៉ាឡេស៊ី រួចបន្តទៅធ្វើនៅប្រទេសថៃទៀត។

Martin មានពេលតែ៣សប្តាហ៍ប៉ុណ្ណោះដើម្បីព្យាបាល ខណៈការប្រកួតម៉ូតូ GP ដំណាក់ដំបូងនៃរដូវកាល ២០២៥ ដែលជាកម្មវិធី Thailand Motorcycle Grand Prix នឹងធ្វើឡើងនាថ្ងៃទី ២ ខែមីនាខាងមុខ នាខេត្ត Buriram ប្រទេសថៃ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង