×

គ្រូ Barcelona ពេញចិត្តការលេងរបស់កីឡាករខ្លួនក្រោយ ឈ្នះ Sevilla

គ្រូបង្វឹក Barcelona លោក Hansi Flick បាននិយាយថា លោកមានការពេញចិត្ត ចំពោះការលេងរបស់កូនក្រុមខ្លួនក្រោយពីពួកគេបានយកឈ្នះក្រុម Sevilla កាលពីយប់មិញ បើទោះជាមានគ្នាត្រឹមតែ១០នាក់ក្តី។

ជាការពិត ក្រុម Barcelona បានយកឈ្នះក្រុមម្ចាស់ផ្ទះ Sevilla ដោយលទ្ធផល ៤-១ ក្នុងជំនួបក្របខណ្ឌ La Liga សប្តាហ៍ទី២៣ នាកីឡដ្ឋាន Ramón Sánchez Pizjuán។

ការប្រកួតនោះ Robert Lewandowski បានរកគ្រាប់បាល់អោយ Barcelona តាំងពីនាទី៧ ប៉ុន្តែរំលងបានតែ១នាទី Rubén Vargas បានតាមស្មើអោយ Sevilla វិញ មុនចប់វគ្គទី១។

ចូលដល់វគ្គទី២ Fermín López បានរកគ្រាប់បាល់អោយ Barcelona នាំមុខជាថ្មីនៅនាទី៤៦ មុនពេល Raphinha បន្ថែមគ្រាប់ទី៣ នៅនាទី៥៥។ យ៉ាងណា នាទី៦២ Fermín López ត្រូវពិន័យកាតក្រហម ដែលធ្វើអោយ Barcelona សល់គ្នាតែ១០នាក់។ យ៉ាងណា នាទី៨៩ Eric García បានរកគ្រាប់បាល់ ទី៤ អោយ Barcelona ដើម្បីបញ្ចប់ការប្រកួតដោយលទ្ធផល Barcelona ៤ Sevilla ១។

ជាមួយនឹងការលេងដែលទទួលបានលទ្ធផលល្អប្រសើរនេះ បានធ្វើអោយ គ្រូបង្វឹក Barcelona លោក Hansi Flick មានភាពរីករាយយ៉ាងខ្លាំង។

បុរសជនជាតិអាល្លឺម៉ង់ បានអោយដឹងថា “ ខ្ញុំពិតជាពេញចិត្ត និង អោយតម្លៃ ទៅលើការប្រកួតនេះខ្លាំងណាស់។ កីឡាកររបស់ខ្ញុំបានបង្ហាញភាពរឹងមាំ និង ការលេងយ៉ាងស៊ីចង្វាក់។ កាលពីវគ្គទី១ យើងបានល្អទៅហើយ ហើយវគ្គទី២យើងកាន់តែល្អទៀត។ បើទោះជាកីឡាករមានការពិន័យកាតក្រហម តែក្រុមយើងមិនបាត់បង់ការតស៊ូនោះទេ គឺយើងនៅតែធ្វើបានល្អរហូតទទួលជ័យជំនះ។”

ជាមួយនឹងជ័យជំនះនេះ Barcelona នៅឈរលេខ៣ ក្នុងតារាងពិន្ទុក្របខណ្ឌ La Liga មាន ៤៨ពិន្ទុ តិចជាងពិន្ទុក្រុមលេខ២ Atletico Madrid ១ ពិន្ទុ និងតិចជាងក្រុមកំពូលតារាង Real Madrid ២ពិន្ទុ។ រីឯ Sevilla នៅលេខ១៣ មាន ២៨ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង