ខ្សែការពារជើងចាស់ Sergio Ramos បានសម្រេចចូលរួមជាមួយក្លិប Monterrey នៃលីគកំពូលម៉ិកស៊ិក។ នេះបើតាមការប្រកាសរបស់ក្លិបនៃក្របខណ្ឌ Liga MX ។
អតីតសមាជិកក្លិប Real Madrid , Paris Saint-Germain និងក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានចូលរួមជាមួយក្លិប Monterrey ដោយចុះកិច្ចសន្យារយៈពេល១ឆ្នាំ។
Sergio Ramos បានចូលរួមជាមួយក្លិបដែលមានកៅអីលេងនៅពានរង្វាន់ FIFA Club World Cup នៅរដូវក្តៅខាងមុខនេះ បន្ទាប់ពីចាកចេញពីក្លិបដែលរូបគេលេងអោយកាលពីកុមារភាពគឺក្លិប Sevilla បានរយៈពេល ៧ខែ។
កីឡាករវ័យ៣៨ឆ្នាំ បានបង្ហាញខ្លួនក្នុងក្របខណ្ឌ La Liga អោយក្លិប Sevilla កាលពីរដូវកាលឆ្នាំ២០០៣-០៤ មុនផ្លាស់ទៅកាន់ Real Madrid នៅ២ឆ្នាំក្រោយមក។
លេងជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid នោះ Sergio Ramos បានលេងពីឆ្នាំ២០០៥ ដល់ ឆ្នាំ ២០២១ ដោយបង្ហាញខ្លួនបាន ៦៧១ ដង រកគ្រាប់បាល់បាន ១០១ គ្រាប់។ Real Madrid គឺជាទីដែលបានធ្វើអោយ Sergio Ramos ក្លាយជាកីឡាករខ្សែការពារកំពូលមួយរូប និងបានឈ្នះពានរង្វាន់ធំតូចជាច្រើន ដូចជា La Liga ៥ដង Copa del Rey ២ដង Supercopa de España ៤ដង UEFA Champions League ៤ដង UEFA Super Cup ៣ដង និង FIFA Club World Cup ៤ដង។
ចាកចេញពី Real Madrid រួច Sergio Ramos ក៏បន្តទៅលេងអោយក្លិបបារាំង Paris Saint-Germain ២រដូវកាល ដោយបានបង្ហាញខ្លួន ៥៨ដង ស៊ុតបាន៦គ្រាប់ និងបានឈ្នះពានរង្វាន់ Ligue 1 ២ដង Trophée des Champions ១ដង។
Sergio Ramos បានវិលទៅលេងអោយ Sevilla បាន១រដូវកាល ២០២៣-២៤ ដោយបង្ហាញខ្លួនបាន ៣៧ដង ស៊ុតបាន ៧គ្រាប់ ប៉ុន្តែមិនបានឈ្នះពានរង្វាន់ណាមួយនោះទេ។
ជាមួយក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញវិញ Sergio Ramos បង្ហាញខ្លួនបាន ១៨០ដង ស៊ុតបាន ២៣គ្រាប់ និងបានឈ្នះពានរង្វាន់ FIFA World Cup ១ដង និង UEFA Euro ២ដង៕