គ្រូបង្វឹក Paris Saint Germain លោក Luis Enrique បានធ្វើការព្រមានកូនក្រុមរបស់ខ្លួនអោយមានការប្រុងប្រយ័ត្នពេលប៉ះក្រុម Brest ក្នុងពានរង្វាន់ UEFA Champions League។
ជាការពិត Paris Saint Germain បានបញ្ចប់ការប្រកួត UEFA Champions League វគ្គ League Phase ក្នុងចំណាត់ថ្នាក់លេខ ១៥ ដែលជាតំបន់ត្រូវលេងវគ្គ Playoff ២ជើង ស្វែងរកកៅអី ទៅវគ្គ១៦ក្រុម។ ពួកគេក៏បានផ្គូផ្គងមកជួបក្រុមបារាំងដូចគ្នាគឺក្រុម Brest ដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១៨។
ការប៉ះគ្នានេះ ក្រុម Paris Saint Germain ត្រូវបានជឿថា មានភាគរយខ្ពស់ក្នុងការឈ្នះ ទៅលើក្រុម Brest ដ្បិតក្នុងការជួបគ្នា កាលពី២សប្តាហ៍មុនក្នុងក្របខណ្ឌ Ligue 1 ក្រុម Paris Saint Germain បានយកឈ្នះក្រុម Brest ក្នុងលទ្ធផល ៥-២ រួចទៅហើយ។
ទោះបែបនេះក្តី លោក Luis Enrique នៅតែធ្វើការព្រមានកូនក្រុមអោយលេងដោយយកចិត្តទុកដាក់ ព្រោះការប្រកួតមិនអាចប៉ាន់ស្មានបាននោះទេ ហើយបើមានការធ្វេសប្រហែសនោះលទ្ធផលអាក្រក់អាចនឹងកើតមានសម្រាប់ក្រុម។
គ្រូបង្វឹកជនជាតិអេស្ប៉ាញបានអោយដឹងមុនការប្រកួតថា “ជាការប្រសើរណាស់ ព្រោះជាក្រុមបារាំងពីរប៉ះគ្នា ហើយអ្វីដែលវិជ្ជមាននោះគឺនឹងមានក្រុមបារាំងមួយនឹងមានសិទ្ធិឡើងទៅជុំបន្ត។ វាច្បាស់ណាស់ថា យើងមានការជឿជាក់លើក្រុមរបស់យើង ប៉ុន្តែបាល់ទាត់គឺពោរពេញទៅដោយការភ្ញាក់ផ្អើល។ បាល់ទាត់មិនតែងតែផ្តល់រង្វាន់ដល់ក្រុមដែលអាចលេងបានល្អជាងនោះទេ។ Brest មានសមត្ថភាពស៊ុតបញ្ចូលទីទល់នឹងយើង ដូចដែលពួកគេបានធ្វើកន្លងមក។ ហើយនេះគឺជាការប្រកួតដ៏សំខាន់សម្រាប់ពួកយើង ដូច្នេះយើងនឹងប្រឹងប្រែងអោយអស់ពីសមត្ថភាព និងមិនអាចមានការធ្វេសប្រហែសមើលស្រាលគូប្រកួតទេ។”
សម្រាប់ការប្រកួតវគ្គ Playoff ពានរង្វាន់ UEFA Champions League ជើងទី១ រវាង Paris Saint Germain និង Brest នឹងធ្វើឡើងនាយប់នេះ នាកីឡដ្ឋាន Stade de Roudourou របស់ក្រុម Brest៕