×

គ្រូ Borussia Dortmund ថា ខ្លួនពេញចិត្តការលេងរបស់កូនក្រុមក្រោយយកឈ្នះ Sporting CP យប់មិញ

គ្រូបង្វឹក Borussia Dortmund លោក Niko Kovac បាននិយាយថា លោកមានការពេញចិត្តចំពោះការលេងបានល្អរបស់កូនក្រុមក្នុងការប្រកួតឈ្នះ Sporting CP កាលពីយប់មិញ។

Borussia Dortmund បានយកឈ្នះ Sporting CP ដោយលទ្ធផល ៣-០ ក្នុងជំនួបជើងទី១ វគ្គ Playoff ពានរង្វាន់ UEFA Champions League ដែលធ្វើឡើងនាកីឡដ្ឋាន Estádio José Alvalade។

លេងនៅទឹកដីរបស់គូប្រជែងមែន ប៉ុន្តែ Borussia Dortmund ធ្វើបានល្អ ដោយបន្ទាប់ពីមិនអាចរកគ្រាប់បាល់បាននៅក្នុងវគ្គទី១រួចមក ពួកគេបានផ្លាស់ប្តូរស្ថានការណ៍ នៅក្នុងវគ្គទី២ តាមរយៈការផ្លាស់ប្តូរយុទ្ធសាស្ត្រក្នុងការប្រកួត ហើយក៏អាចរកគ្រាប់បាល់បានសម្រេចដោយ Serhou Guirassy នៅនាទី៦០។ Dortmund បន្តគាបសង្កត់ទៅលើម្ចាស់ផ្ទះ Sporting CP ហើយក៏រកបាន២គ្រាប់បន្ថែមទៀតដោយ Pascal Gross នៅនាទី៦៨ និង Karim Adeyemi នៅនាទី៨២។

ជាមួយនឹងការបង្ហាញគុណផលលេងបានល្អរបស់កូនក្រុម បានធ្វើអោយ គ្រូបង្វឹក Borussia Dortmund លោក Niko Kovac កោតសរសើរ និង បង្ហាញការពេញចិត្តយ៉ាងខ្លាំង។

លោក Niko Kovac បានអោយដឹងក្រោយចប់ការប្រកួតថា “កីឡាកររបស់ខ្ញុំបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជក់ចិត្តដោយពួកគេមិនត្រឹមតែធ្វើវាល្អប៉ុណ្ណោះទេ ហើក៏បានអនុវត្តអ្វីដែលខ្ញុំចង់បានផងដែរ។ យើងធ្វើមិនបានល្អប៉ុន្មានទេក្នុងវគ្គទី១ តែពួកគេបានធ្វើអោយការប្រកួតវគ្គទី២កាន់តែល្អប្រសើរ និងបង្កើនល្បឿននៃការប្រកួត។”

បុរសវ័យ៥៣ឆ្នាំបន្តដូច្នេះ “យើងលេងកាន់តែស៊ីជម្រៅហើយបានស៊ុតបាល់បញ្ចូលទីដ៏អស្ចារ្យ។ វាជាវិធីដែលយើងបានបង្ហាញទាំងបច្ចេកទេស និងកាយសម្បទារឹងមាំ ដែលបានធ្វើអោយខ្ញុំចាប់អារម្មណ៍។ នោះហើយជាអ្វីដែលធ្វើឱ្យខ្ញុំសប្បាយចិត្តខ្លាំងណាស់។ នោះហើយជាមូលហេតុដែលខ្ញុំពិតជាចង់សរសើរដល់កូនក្រមរបស់ខ្ញុំដែលធ្វើបានល្អណាស់។”

Borussia Dortmund នឹងត្រូវជួប Sporting CP ម្តងទៀតសម្រាប់ការប្រកួតជើងទី២ វគ្គ Playoff ពានរង្វាន់ UEFA Champions League ដែលនឹងធ្វើឡើង នាកីឡដ្ឋាន Signal Iduna Park ថ្ងៃទី១៩ ខែកុម្ភៈខាងមុខ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង