×

ខ្សែប្រយុទ្ធ Kylian Mbappe នឹងវិលមកកាន់ក្រុមជម្រើសជាតិបារាំងវិញនៅខែមីនា

ប្រធានក្រុមបាល់ទាត់ជម្រើសជាតិបារាំង ខ្សែប្រយុទ្ធ Kylian Mbappe នឹងវិលមកចូលរួមជាមួយក្រុមវិញ នៅខែមីនា ខាងមុខពេលពួកគេត្រូវចូលរួមការប្រកួត UEFA Nations League។ នេះបើតាមការប្រកាសពីគ្រូបង្វឹកលោក Didier Deschamps ។

កីឡាករវ័យ២៦ឆ្នាំ Mbappe ដែលបានបង្ហាញខ្លួនចំនួន ៨៦ដង ស៊ុតបាន ៤៨គ្រាប់ អោយក្រុមរហស្សនាមមាន់គកនោះ មិនត្រូវបានបញ្ចូលឈ្មោះទៅក្នុងក្រុមសម្រាប់លការប្រកួត UEFA Nations League កាលពីខែតុលា និង វិច្ឆិកា ទេ ក្រោយរូបគេបានចាកចេញពីក្លិបបារាំង Paris Saint-Germain ទៅចូលរួមក្លិបអេស្ប៉ាញ Real Madrid រួចមក។

ទោះយ៉ាងណា ឥឡូវនេះ Kylian Mbappe ត្រូវបានដឹងថា នឹងវិលមករួមក្រុមជម្រើសជាតិបារាំងវិញសម្រាប់ការប្រកួតចាប់ពីខែមីនាទៅ។

ជុំវិញរឿងនេះ គ្រូបង្វឹក លោក Didier Deschamps បានអោយដឹងក្នុងកិច្ចសម្ភាសជាមួយសារពត៌មាន L’Equipe ថា “ជាការពិតណាស់ Mbappe នឹងនៅទីនោះជាមួយពួកយើ សម្រាប់ហេតុផលជាក់លាក់យើងមិនដឹងនោះទេ ប៉ុន្តែគេនឹងមកចូលរួមជាមួយពួកយើង ប្រសិនបើគ្មានអ្វីកើតឡើងចំពោះរូបគេនៅចន្លោះពេលនោះ។”

ដោយឡែក ប្រតិទិននៃការប្រកួតបាល់ទាត់បានក្លាយជាការព្រួយបារម្ភកាន់តែខ្លាំងឡើងសម្រាប់កីឡាករដែលរួមមានទាំង Mbappe ផងដែរ ជាមួយនឹងការកើនឡើងចំនួននៃការប្រកួតដែលអាចនាំអោយកីឡាកត្រូវជួបប្រទះភាពនឿយហត់រាងកាយ និងងាយប្រឈមការមានរបួស។ ទោះបីជាយ៉ាងណាក៏ដោយ Mbappe បាននិយាយកាលពីខែធ្នូថា រូបគេប្តេជ្ញាចិត្តទៅជួយក្រុមជម្រើសជាតិបារាំងបើទោះបីពីមុនគេបានអវត្តមាន ក៏ដោយ។

សហព័ន្ធបាល់ទាត់បារាំង FFF បានប្រាប់ Reuters កាលពីខែមុនថា លោក Didier Deschamps ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិបារាំងដែលបម្រើការយូរជាងគេ នឹងមិនស្វែងរកការបន្តកិច្ចសន្យារបស់លោកដែលនឹងផុតកំណត់នៅឆ្នាំ ២០២៦ នោះទេ។

សូមបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិបារាំង នឹងមានការប្រកួតវគ្គ៨ក្រុមចុងក្រោយទល់នឹងក្រុមជម្រើសជាតិក្រូអាតដែលធ្វើឡើងចំនួន២ជើង គឺនៅថ្ងៃទី ២០ ខែមីនា នៅទឹកដីក្រូអាត និងថ្ងៃទី ២៣ ខែមីនា នៅទឹកដីបារាំងវិញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង