×

គ្រូ Barcelona ថា ខ្លួនរីករាយក្រោយបានឡើងឈរកំពូលតារាង La Liga វិញ

ក្រុម Barcelona បានឡើងទៅឈរនៅកំពូលតារាងក្របខណ្ឌ La Liga វិញ ដោយបានរុញគូប្រជែង Real Madrid ចុះទៅលេខ២ ក្រោយពីបានយកឈ្នះក្រុម Rayo Vallecano ក្នុងការប្រកួតកាលពីយប់មិញ។

ជំនួបនាកីឡដ្ឋាន Olímpic Lluís Companys នោះ Barcelona បានលេងគ្របសង្កត់ទៅលើគូប្រជែងរបស់ខ្លួន ហើយនៅនាទី២៨ កីឡាករ Pathe Ciss របស់ Rayo Vallecano បានបង្កកំហុសលើ Inigo Martinez ដែលនាំអោយ Barcelona បានទទួលការទាត់បាល់ពិន័យ១១ម៉ែត្រ និងត្រូវបានសម្រេចទីដោយ Robert Lewandowski នាំមុខ ១-០ នៅក្នុងវគ្គទី១។

នៅក្នុងវគ្គទី២វិញ មិនមានការស៊ុតបាល់ទៀតនោះទេពីសំណាក់កីឡាករក្រុមទាំងសងខាង ទោះជាមានការប្រឹងវាយសម្រុកខ្លាំងក៏ដោយ ទើបលទ្ធផល Barcelona ១ Rayo Vallecano ០ រក្សាដល់ចប់ការប្រកួត។

ជាមួយនឹងជ័យជំនះដែលបានធ្វើអោយក្រុមឡើងទៅឈរកំពូលតារាងលីគបាល់ទាត់អេស្ប៉ាញ វិញនេះ បានធ្វើអោយ គ្រូបង្វឹក Barcelona លោក Hansi Flick មានការរំភើបរីករាយ ហើយបានកោតសរសើរដល់ការលេងយ៉ាងល្អរបស់កូនក្រុម ដែលធ្វើអោយពួកគេកាន់តែឱកាសនិងក្តីសង្ឃឹមក្នុងការប្រជែងពានរង្វាន់ឡើងវិញ។

លោក Hansi Flick បានអោយដឹងក្រោយចប់ការប្រកួតថា “ ពួកយើងមានភាពនឿយហត់បន្តិច ប៉ុន្តែកូនក្រុមលេងបានល្អមែនទែន។ យើងពិតជាមានភាពរីករាយ ហើយពិតណាស់ យើងធ្វើបានកាន់តែល្អ។ យើងនៅសល់ច្រើនប្រកួតទៀត ប៉ុន្តែបើសិនជាយើងបន្តធ្វើបានល្អបែបនេះ ឱកាសនៃការឈ្នះពានរង្វាន់នឹងកាន់តែកើនឡើង។ ខ្ញុំមានភាពវិជ្ជមាន ហើយដឹងថា យើងបានត្រឡប់មករកកន្លែងរបស់យើងវិញហើយ។”

តារាងពិន្ទុនៅក្របខណ្ឌ La Liga បច្ចុប្បន្នកំពុងមានភាពប្រកៀកប្រកិតគ្នាខ្លាំង ដោយក្នុងនោះក្រោយពី ឆ្លងកាត់ ២៤ប្រកួត Barcelona ឈ្នះ ១៦ ស្មើ៣ ចាញ់៥ មាន៥១ពិន្ទុ ឈរកំពូលតារាង រុញ Real Madrid ទៅលេខ២ វិញ មាន ៥១ពិន្ទុដូចគ្នា ដោយខុសផលសងគ្រាប់បាល់។ រីឯចំណាត់ថ្នាក់លេខ៣ កាន់កាប់ដោយ Atlético Madrid តិចជាងពិន្ទុក្រុមទាំង២ខាងដើមតែ១ពិន្ទុប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង