
អ្នកចាំទី Thibaut Courtois បានត្រៀមខ្លួនរួចរាល់សម្រាប់ការជ្រើសរើសឈ្មោះចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ីកសាជាថ្មី ហើយរំពឹងថា នឹងអាចវិលត្រឡប់ចូលក្រុមវិញនៅខែក្រោយ។ នេះបើតាមការអះអាងដោយផ្ទាល់ពីសាមីកីឡាករ។
កីឡាករវ័យ៣២ឆ្នាំ បានបដិសេធក្នុងការលេងអោយក្រុមបែលហ្ស៊ីក ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Domenico Tedesco ដោយសារទំនាក់ទំនងមិនល្អជាមួយគ្នា។
យ៉ាងណាមិញ លោក Domenico Tedesco ត្រូវបានបញ្ចប់តំណែងពីក្រុមបែលហ្ស៊ិកហើយ នឹងត្រូវបានជំនួសដោយ គ្រូបង្វឹកជនជាតិបារាំងលោក Rudi Garcia។
នេះបានក្លាយជាការបើកផ្លូវយ៉ាងល្អ សម្រាប់ Thibaut Courtois ក្នុងការវិលត្រឡប់មក មកកាន់ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ីកម្តងទៀត។
ជុំវិញរឿងនេះ Thibaut Courtois បានអោយដឹងថា “ ខ្ញុំពិតជានឹកក្រុមជម្រើសជាតិបែលហ្ស៊ីក ហើយឥឡូវនេះ ខ្ញុំបានត្រៀមខ្លួនរួចរាល់សម្រាប់ការវិលមកវិញ។”
ដោយឡែក មានការរាយការណ៍ថា Thibaut Courtois បានបើកការពិភាក្សាជាមួយគ្រូបង្វឹកថ្មី លោក Rudi Garcia ខណៈគ្រូបង្វឹកវ័យ ៦១ឆ្នាំ ក៏ត្រូវបានដឹងថា មានគោលបំណងធំក្នុងការនាំយកសមាជិកក្លិប Real Madrid មករួមក្រុមបែលហ្ស៊ីកវិញដែរ។
សូមបញ្ជាក់ថា Thibaut Courtois មិនបានបង្ហាញខ្លួនអោយក្រុមបែលហ្ស៊ីក តាំងពីខែមិថុនា ឆ្នាំ២០២៣ មកម្ល៉េះ។
បែលហ្ស៊ិក នឹងត្រូវជួបជាមួយអ៊ុយក្រែនក្នុងខែមីនា ក្នុងការប្រកួត Nations League វគ្គ Play-Offs ដើម្បីរក្សាតំណែងរបស់ពួកគេក្នុងក្របខណ្ឌ Nations League A មុនពេលជួបជាមួយមាសេដូនៀខាងជើង វេលស៍ លិចថេនស្តិន និង កាហ្សាក់ស្ថាន ក្នុងវគ្គជម្រុះ FIFA World Cup 2026៕