
គ្រូបង្វឹក Atletico Madrid លោក Diego Simeone បានជំរុញកីឡាកររបស់ខ្លួន អោយប្រមូលស្មារតី និងរក្សាការផ្តោតអារម្មណ៍លើការប្រកួតបន្ទាប់របស់ពួកគេ ដែលនឹងធ្វើឡើងនៅឯទឹកដីរបស់ Barcelona សម្រាប់ជំនួបជើងទី ១ នៃពានរង្វាន់ Copa del Rey វគ្គ៤ក្រុមចុងក្រោយ។
Atletico Madrid នឹងត្រលប់មកជួប Barcelona សាជាថ្មី ២ខែបន្ទាប់ពីការមកប្រកួតចុងក្រោយរបស់ពួកគេនៅចុងខែធ្នូ ដោយបានវាយបកដើម្បីផ្តួលក្រុមរបស់លោកគ្រូបង្វឹក Hansi Flick ក្នុងលទ្ធផល ២-១ ដើម្បីដណ្តើមបានជ័យជំនះក្រៅដីជាលើកដំបូងរបស់ពួកគេនៅទឹកដីរបស់ Barcelona ក្នុងរយៈពេល ១៨ ឆ្នាំ។
មុនការប្រកួតចូលមកដល់ លោក Diego Simeone បានលើកទឹកចិត្ត និង កោតសរសើរចំពោះការខិតខំកន្លងមក ប៉ុន្តែលោកក៏ចង់អោយកីឡាករត្រូវតែមានភាពអត់ធ្មត់ ផ្តោតអារម្មណ៍ ព្រោះពួកគេនឹងត្រូវជួបការប្រកួតលំបាកៗជាច្រើនទៀត ហើយមានតែការតស៊ូយ៉ាងខ្លាំងប៉ុណ្ណោះទើបពួកគេអាចរក្សាលទ្ធផលល្អបន្តទៀតបាន។
លោក Diego Simeone បានអោយដូច្នេះ “យើងកំពុងមានភាពក្លៀវក្លាហើយនិងខ្នះខ្នែងក្នុងការប្រកួត។ បំណងរបស់យើង គឺដើម្បីទទួលបានលទ្ធផលល្អគ្រប់ការប្រកួត។ យើងនឹងមានការប្រកួតលំបាកៗច្រើនទៀតនៅរង់ចាំយើង ហើយអ្វីដែលខ្ញុំចង់ធ្វើពេលនេះគឺការលើកទឹកចិត្ត និង ជម្រុញស្មារតីកីឡាកររបស់ខ្ញុំ អោយផ្តោតអារម្មណ៍និងរក្សាការប្រឹងប្រែងបន្ថែមទៀត។”
ក្រៅតែពីការប្រកួត ពានរង្វាន់ Copa del Rey ដែលប៉ះក្រុមជើងខ្លាំងដូចជា Barcelona ហើយ Atletico Madrid ក៏កំពុងប្រដេញយ៉ាងប្រកៀកប្រកិត ក្នុងការដណ្តើមជើងឯក La Liga ដែរ ដោយបច្ចុប្បន្នពួកគេកំពុងឈរលេខ៣ មាន ៥៣ពិន្ទុ តិចជាក្រុមលេខ១ Barcelona និងក្រុមលេខ២ Real Madrid តែ១ពិន្ទុ។
Atletico Madrid ក៏នឹងមានការប្រកួតដ៏មមាញឹកដោយក្រោយពីបញ្ចប់ការប្រកួត ពានរង្វាន់ Copa del Rey ហើយ ពួកគេក៏នឹងត្រូវវិលទៅកាន់ការប្រកួត La Liga ប៉ះក្រុម Athletic Bilbao នៅថ្ងៃទី១ ខែមីនា មុនបន្តជួបក្រុមជើងខ្លាំងរួមទីក្រុង Real Madrid ក្នុងពានរង្វាន់ UEFA Champions League ជើងទី១ វគ្គ១៦ក្រុមចុងក្រោយ នៅ ៣ថ្ងៃបន្ទាប់ពីនោះ៕