លោក Carlo Ancelotti គ្រូបង្វឹក Real Madrid បានលើកសរសើរមិនដាច់ពីមាត់ទៅលើខ្សែប្រយុទ្ធ Endrick ក្រោយពីរូបគេស៊ុតបាល់បញ្ចូលទី ក្នុងជំនួបជើងទី១ វគ្គ៤ក្រុមចុងក្រោយ ពានរង្វាន់ Copa del Rey យកឈ្នះលើក្រុមម្ចាស់ផ្ទះ Real Sociedad ។
ការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Reale Arena មានគ្រាប់បាល់តែ១គ្រាប់គត់បានកើតឡើងពីការស៊ុតបញ្ចូលទីរបស់ Endrick នៅក្នុងនាទី ១៩ នៃវគ្គទី១។
គ្រូបង្វឹកសញ្ជាតិអ៊ីតាលី និយាយថា ខ្សែប្រយុទ្ធប្រេស៊ីល វ័យ១៨ឆ្នាំ មានឱកាសក្នុងការអភិវឌ្ឈសមត្ថភាពបន្ថែមទៀត ដើម្បីក្លាយជាកីឡាករកំពូលមួយរូប ដោយយោងទៅលើ លក្ខណៈសម្បត្តិ និង ការសម្រេចចិត្តដ៏វៃឆ្លាតរបស់គេ។
លោក Ancelotti បាននិយាយ ក្រោយបញ្ចប់ការប្រកួតដូច្នេះថា “ Endrick គឺជាខ្សែប្រយុទ្ធដែលមានលក្ខណៈសម្បត្តិដែលគាត់បានបង្ហាញនៅក្នុងការប្រកួត នេះ។ គេមានក្រសែភ្នែកល្អខ្លាំងណាស់សម្រាប់ការស៊ុតបាល់បញ្ចូលទី ហើយថែមទាំងមានល្បឿនលឿន មិនគួរអោយជឿ។ រូបគេក៏នៅមានក្មេង និងរៀនបានលឿន។ ការស៊ុតរបស់គេពិតជាអស្ចារ្យណាស់។”
Real Madrid នឹងត្រូវជួបជាមួយ Real Sociedad ម្តងទៀតនៅក្នុង ជំនួបជើងទី២ វគ្គ៤ក្រុមចុងក្រោយ ពានរង្វាន់ Copa del Rey ដែលធ្វើឡើងនាកីឡដ្ឋាន Santiago Bernabéu វិញម្តង នៅថ្ងៃទី ១ ខែមេសាខាងមុខ៕