×

លោក Jose Mourinho រងពិន័យពីសហព័ន្ធបាល់ទាត់តួកគីរឿងរិះគន់អាជ្ញាកណ្តាល

លោក Jose Mourinho គ្រូបង្វឹករបស់ Fenerbahce ត្រូវបានសហព័ន្ធបាល់ទាត់តួកគី TFF ពិន័យមិនអោយចូលដឹកនាំការប្រកួតលើទីលានចំនួន៤ប្រកួត បន្ទាប់ពីការអត្ថាធិប្បាយរបស់លោករិះគន់អំពីអាជ្ញាកណ្តាលតួកគីបន្ទាប់ពីការប្រកួតនៅទឹកដីរបស់ Galatasaray ។

TFF បានពិន័យបុរសសញ្ជាតិព័រទុយហ្គាល់អាយុ ៦២ ឆ្នាំជាទឹកប្រាក់ ៤៤០០០ ដុល្លារ បន្ទាប់ពីរូបលោកបានរិះគន់មន្ត្រីអាជ្ញាកណ្តាល នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីចប់ការប្រកួតក្នុងលទ្ធផលស្មើគ្នា ០-០ ក្នុងក្របខណ្ឌ Super Lig កាលពីពេលកន្លងទៅ។

ទាក់ទិននឹងរឿងនេះ TFF បានចេញសេចក្តីថ្លែងការណ៍ថា ការពិន័យទៅលើលោក Jose Mourinho គឺដោយសារតែលោកបានប្រើប្រាស់ពាក្យរិះគន់ មិនសមរម្យ ចំពោះអាជ្ញាកណ្តាលតួកគី និងការចោទប្រកាន់ពីបទបង្កភាពរញ៉េរញ៉ៃ អសណ្តាប់ធ្នាប់នៅក្នុងបាល់ទាត់តួកគី។

TFF បន្តថា ការលើកឡើងរបស់លោក Mourinho បានបំពានលើក្រមសីលធម៌កីឡា ជំរុញអោយមានអំពើហិង្សា និងភាពមិនប្រក្រតី និងអាចញុះញង់អោយមានឧប្បត្តិហេតុរវាងអ្នកគាំទ្រក្រុមទាំងសងខាង។

ការប្រកួតរវាង Fenerbahce និង Galatasaray ត្រូវបានកាត់ក្តីដោយមន្ត្រីអាជ្ញាកណ្តាលជនជាតិស្លូវេនីលោក Slavko Vincic បន្ទាប់ពីក្លិបទាំងពីរបានស្នើសុំអោយមន្ត្រីបរទេសទទួលបន្ទុកក្នុងការប្រកួតមួយនោះ។

សម្រាប់ Fenerbahce វិញ បានចេញសេចក្តីថ្លែងការណ៍ការពារ លោក Mourinho ដោយនិយាយថាការអត្ថាធិប្បាយរបស់លោកត្រូវបានដកចេញពីបរិបទដើម និងមានការបំភ្លៃការនិយាយរបស់លោកដោយចេតនា។

នេះមិនមែនជាលើកទី១ទេ ដែល លោក Jose Mourinho អតីតគ្រូបង្វឹក Chelsea, Manchester United និង Tottenham Hotspur ត្រូវបានចោទប្រកាន់បែបនេះ ដោយកន្លងមកលោកក៏ធ្លាប់ត្រូវបានពិន័យ និងព្យួរសម្រាប់ការអត្ថាធិប្បាយរិះគន់របស់លោកអំពីមន្ត្រីរៀបចំការប្រកួតរបស់តួកគីផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង