×

គ្រូ Atletico Madrid ថា នឹងប្រឹងប្រែងអោយអស់ពីសមត្ថភាពក្នុងការប្រកួតទល់នឹង Real Madrid នៅ UEFA Champions League

គ្រូបង្វឹក Atletico Madrid លោក Diego Simeone បាននិយាយថា រូបលោករួមទាំងកូនក្រុមតាំងចិត្តថា នឹងប្រឹងប្រែងប្រកួតអោយអស់ពីសមត្ថភាព នៅពេលពួកគេត្រូវប្រកួតទល់នឹង Real Madrid នៅក្នុងពានរង្វាន់ UEFA Champions League ។

ជាការពិត ក្រុមបាល់ទាត់បងប្អូនរួមទីក្រុង Madrid របស់អេស្ប៉ាញគឺ Atlético Madrid ត្រូវបានផ្គូផ្គងមកប៉ះក្រុម Real Madrid នៅក្នុងវគ្គ១៦ក្រុមចុងក្រោយ នៃពានរង្វាន់កំពូលអឺរ៉ុប។

ក្រុមទាំង២បានជួបគ្នាចំនួន៤ដងមកហើយ រយៈពេល១១រដូវកាលចុងក្រោយ នៃពានរង្វាន់ UEFA Champions League នេះ ប៉ុន្តែ Atlético Madrid ជាអ្នកជួបការបរាជ័យក្រោមថ្វីជើង Real Madrid ទាំងអស់ ជាពិសេសការបរាជ័យដ៏ឈឺចាប់របស់ពួកគេក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០១៤ និង ២០១៦។

ទោះយ៉ាងណា សម្រាប់ការជួបគ្នាសាជាថ្មីនេះ លោក Diego Simeone បានប្តេជ្ញាបញ្ចប់ភាពសោកសៅ ដោយលោកមានសុទិដ្ឋិនិយមថា ក្រុម Atletico Madrid អាចក្តាប់បានឱកាសវាយបកឈ្នះគូប្រជែងវិញបាន។

គ្រូបង្វឹក វ័យ៥៤ឆ្នាំ បានអោយដឹងដូច្នេះថា “ ខ្ញុំគិតថាវាអស្ចារ្យណាស់សម្រាប់ក្រុមបាល់ទាត់នាទីក្រុង Madrid ដែល Atletico Madrid និង Real Madrid ត្រូវប្រកួតជាមួយគ្នា ដើម្បីអោយមានក្រុមអេស្ប៉ាញណាមួយឡើងទៅវគ្គបន្ត ហើយសម្រាប់ពួកយើងដែលទៅលេងការប្រកួតនេះ យើងនឹងរីករាយជាមួយវា។ យើងដឹងថា គូប្រកួតរបស់យើងខ្លាំងប៉ុណ្ណា ហើយវាជាពេលវេលាដ៏សំខាន់មួយជាមួយនឹងគូប្រជែងដ៏គួរអោយគោរព ប៉ុន្តែយើងបានត្រៀមខ្លួនសម្រាប់អ្វីៗដែលកើតឡើងបន្ទាប់។ យើងនឹងប្រឹងប្រែង អោយដល់ទីបំផុត ហើយខ្ញុំមានអារម្មណ៍ល្អ ថា ពួកយើងអាចធ្វើរឿងអស្ចារ្យមួយបាន។”

សូមបញ្ជាក់ថា ជំនួបរវាង Atlético Madrid និង Real Madrid ក្នុងវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League នឹងត្រូវប៉ះគ្នាចំនួន២ ជើង ដោយជើងទី១ នឹងធ្វើឡើងនាយប់នេះ នាកីឡដ្ឋាន Santiago Bernabéu របស់ Real Madrid៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង