
គ្រូបង្វឹក Barcelona លោក Hansi Flick បាននិយាយថា លោកមានការរំពឹងថា កីឡាកររបស់លោកនឹងធ្វើបានល្អក្នុងការប្រកួតទល់នឹង Benfica ក្នុងជើងទី១ វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League ។
នេះជាការជួបគ្នាសាជាថ្មី រវាងក្រុម Barcelona និងក្រុម Benfica នៅក្នុងពានរង្វាន់ UEFA Champions League ទម្រង់ថ្មីនៅរដូវកាលនេះ បន្ទាប់ពីពួកគេធ្លាប់បានជួបគ្នារួចហើយ កាលពីការប្រកួតនៅក្នុងវគ្គ League Phase ដោយ Barcelona ជាអ្នកទទួលជ័យជំនះ ក្នុងលទ្ធផល ៥-៤។
ក្រុម Barcelona បានឡើងមកកាន់វគ្គ១៦ក្រុមចុងក្រោយ ក្រោយបញ្ចប់ League Phase ក្នុងចំណាត់ថ្នាក់លេខ២ ខណៈ ក្រុម Benfica បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៦ ដែលត្រូវអោយពួកគេបន្តលេងវគ្គ Play Off ២ជើងឈ្នះក្រុម Monaco លទ្ធផលសរុប ៤-៣ ហើយក៏បានឡើងមកជួប Barcelona ម្តងទៀត។
ជួបគ្នាលើកនេះ គ្រូបង្វឹក Barcelona លោក Hansi Flick នៅតែមានការជឿជាក់ថា ក្រុមរបស់លោកនឹងបន្តធ្វើបានល្អទៀត ព្រោះជាគូប្រជែងចាស់ដែលក្រុមរបស់លោកបានយកឈ្នះរួចហើយ។
លោក Hansi Flick បានអោយដឹងថា “ យើងនឹងបន្តភាពល្អប្រសើររបស់យើងទៀត។ យើងបានជួបជាមួយក្រុមល្អមួយក្នុងការប្រកួតនេះ ប៉ុន្តែយើងមានជំនឿចិត្តខ្ពស់ព្រោះយើងបានឈ្នះពួកគេរួចមកហើយ។ យ៉ាងណាក៏ដោយ ខ្ញុំមិនចង់អោយកីឡាកររបស់ខ្ញុំមានការធ្វើប្រហែសដែរ ដោយគ្រប់គ្នាត្រូវតែតាំងចិត្តអោយរឹងមាំ ដើម្បីអាចឈ្នះការប្រកួតទៀត។”
សូមបញ្ជាក់ថា Barcelona នឹងត្រូវជួប Benfica ក្នុងជើងទី១ វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ UEFA Champions League ដែលធ្វើឡើងនាយប់នេះ នាកីឡដ្ឋាន Estádio da Luz ៕