×

គ្រូ Borussia Dortmund ថា ខ្លួនសោកស្តាយក្រោយរបូតឱកាសឈ្នះ Lille

ក្រុមអាល្លឺម៉ង់ Borussia Dortmund បានត្រឹមលទ្ធផលស្មើគ្នា ១-១ ទល់នឹងក្រុមមកពីបារាំង Lille នៅក្នុងការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League ។

ស្ថិតិនៃការប្រកួតនាកីឡដ្ឋាន Signal Iduna Park ក្រុមម្ចាស់ផ្ទះ Borussia Dortmund បានរងការគាបសង្កត់ពីគូប្រជែង ដោយអាចគ្រប់គ្រងទីលានតែ ៤៣ភាគរយ មានឱកាសស៊ុតតែ ៧ដង ខណៈក្រុមភ្ញៀវ Lille មានឱកាសស៊ុត៩ដង។ យ៉ាងណា ក្រុម Borussia Dortmund ជាអ្នកនាំមុខមុន ដោយ Karim Adeyemi ស៊ុតបញ្ចូលទីនៅនាទី២២ ហើយវគ្គទី១មានបាល់បញ្ចូលទីតែ១លើកនេះប៉ុណ្ណោះ។

ឈានមកដល់វគ្គទី ២ ក្រុម Lille បានប្រឹងប្រែងវាយសម្រុកវិញ ហើយក៏រកបានគ្រាប់បាល់តាមស្មើ នៅនាទី៦៨ ដោយ Hákon Arnar Haraldsson ជាអ្នកស៊ុតបញ្ចូលទី។ នាទីដែលនៅសល់មិនមានការស៊ុតបញ្ចូលទីទៀតទេ ដោយលទ្ធផល ១-១ បានបន្តដល់ចប់ការប្រកួត។

លទ្ធផលប្រកួតបានត្រឹមស្មើគ្នានេះនាំអោយ គ្រូបង្វឹក Borussia Dortmund លោក Niko Kovac មានការសោកស្តាយ ដ្បិតអីការប្រកួតនៅទឹកដីខ្លួនឯង ដែលមិនបានទទួលជ័យជំនះនេះ នោះវានឹងធ្វើអោយក្រុមរបស់លោកមានការពិបាកពេលត្រូវជួបគ្នានៅជើងទី២ទៀត។

លោក Niko Kovac បានអោយដឹងក្រោយចប់ការប្រកួតថា “ខ្ញុំគិតថាយើងបានឃើញការប្រកួតខុសគ្នា។ ក្នុងវគ្គទី១ យើងធ្វើបានល្អ។ យើងបានស៊ុតបញ្ចូលទីបានត្រឹមត្រូវ ហើយបញ្ចប់តាមរបៀបដែលយើងចង់បាន។ យើងខ្លាំងក្នុងការវាយលុក និងមានចរន្តបាល់ល្អប៉ុន្តែនៅវគ្គទី២គឺផ្ទុយទាំងស្រុង។ យើងមិនអាចគ្រប់គ្រងបានទៀតទេ ពួកយើងបានត្រឹមតែបញ្ចេញប្រតិកម្មទាំងដោយគ្មានបាល់ ហើយទីបំផុតរបូតគ្រាប់បាល់ទៅ Lille។ ប៉ុន្តែ ដូចខ្ញុំបាននិយាយអញ្ចឹង ពួកគេជាគូប្រកួតដ៏ខ្លាំងដែលលេងបាល់បានល្អ។ យើងបានឃើញវា ហើយការមិនបានឈ្នះ ធ្វើអោយខ្ញុំសោកស្តាយនិងបារម្ភនៅក្នុងការប្រកួតបន្ទាប់របស់យើង។”

Borussia Dortmund នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Stade Pierre-Mauroy របស់ Lille វិញ នាថ្ងៃទី១២ ខែមីនា ខាងមុខ សម្រាប់ការប្រកួតជើងទី២ នៃវគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង