×

លោក Xavi បង្ហើបថា កំពុងស្វែងរកឱកាសវិលមកដឹកនាំក្លិបបាល់ទាត់វិញ

អតីតគ្រូបង្វឹក Barcelona លោក Xavi Hernandez បានបង្ហើបថា កំពុងសម្លឹងមើលឱកាសក្នុងការវិលត្រឡប់មកកាន់អាជីពដឹកនាំក្លិបបាល់ទាត់វិញ នៅក្នុងក្របខណ្ឌ La Liga។

លោក Xavi បានត្រលប់ទៅក្លិប Barcelona ក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ ដោយបានកាន់តំណែងជាគ្រូបង្វឹក ខណៈក្លិបកំពុងមានភាពច្របូកច្របល់បន្ទាប់ពីការចាកចេញភ្លាមៗរបស់ខ្សែប្រយុទ្ធ Lionel Messi ។

លោក Xavi បានដឹកនាំ Barcelona ទៅកាន់ចំណាត់ថ្នាក់លេខ ២ មុនពេលលើកពាន La Liga ក្នុងរដូវកាលពេញលេញនៃការដឹកនាំរបស់ខ្លួនក្នុងឆ្នាំ២០២៣។

យ៉ាងណា លោក Xavi បានជួបប្រទះភាពតានតឹងយ៉ាងខ្លាំង ហើយបានត្អូញត្អែរ ម្តងហើយម្តងទៀតថា Barcelona ជាក្លិបដែលពិបាកគ្រប់គ្រងបំផុតក្នុងពិភពលោក។ បន្ទាប់ពីការលាលែងពីដំណែងនៅចុងបញ្ចប់នៃយុទ្ធនាការឆ្នាំ ២០២៣-២៤ ក្លិប Barcelona បានបញ្ចុះបញ្ចូលលោក Xavi អោយស្នាក់នៅបន្ត តែក្រោយមកបានបណ្តេញលោកចេញ ហើយនាំយកលោក Hansi Flick មកកាន់តំណែងវិញ។ នៅក្នុងបទសម្ភាសន៍ជាមួយ France Football លោក Xavi ថា លោកនៅតែរក្សាការស្រលាញ់យ៉ាងជ្រាលជ្រៅចំពោះក្លិប Barcelona ដដែល ប៉ុន្តែទំនាក់ទំនងដ៏យូរអង្វែងនេះមិនបានរារាំងលោកពីការទទួលយកការងារនៅក្លិបផ្សេងទៀតនៅអេស្ប៉ាញទេ។

បុរសវ័យ៤៥ឆ្នាំ បង្ហើបថា “ខ្ញុំមិនមានអ្វីកំណត់ទុកជាមុនទេ ខ្ញុំបើកចំហ។ ហេតុអ្វីមិនបង្វឹកក្រុមផ្សេងទៀត? ខ្ញុំកំពុងស្វែងរកគម្រោងដ៏រំភើបមួយ ខ្ញុំមានមហិច្ឆតាចង់ឈ្នះពានរង្វាន់។ នេះជាគោលបំណងចម្បង។ ខ្ញុំនឹងស្តាប់ការផ្តល់ជូនពីក្លិបដទៃ។”

សម្រាប់ Barcelona វិញ មិនសូវនឹកអតីតគ្រូបង្វឹករបស់ពួកគេក្នុងរដូវកាលនេះទេ ដោយកំពុងរីករាយនឹងការឡើងជើងឡើងវិញក្រោមការដឹកនាំរបស់លោក Hansi Flick ។

គួរអោយដឹងដែរថា ក្រៅតែពីព័ត៌មាននៃការវិលត្រឡប់មកលីគកំពូលអេស្ប៉ាញហើយនោះលោក Xavi ក៏មានដំណឹងថាអាចមកដឹកនាំក្លិប Man UTD និង Juventus ផងដែរ។ គ្រូបង្វឹក លោក Xavi ធ្លាប់ដឹកនាំក្លិបកាតា Al Sadd មុនពេលដែល លោកមកចូលរួមក្លិប Barcelona និងបានលើកពានរង្វាន់សរុបប្រមាណជា៩គ្រឿងមកហើយ ក្នុងអាជីពជាគ្រូបង្វឹកនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង