ប្រធានក្លិប Lyon លោក John Textor បាននិយាយថា រូបលោកព្រមទាំងក្លិប និង បន្តគាំទ្រ គ្រូបង្វឹក លោក Paulo Fonseca នឹងតស៊ូប្រឆាំងជាមួយការដាក់ពិន័យបុរសវ័យ ៥២ឆ្នាំ។
ជាការពិត លោក Paulo Fonseca គ្រូបង្វឹក ក្រុមបាល់ទាត់ Lyon នៃក្របខណ្ឌ Ligue1 បារាំងត្រូវបានសហព័ន្ធបាល់ទាត់បារាំង កំណត់ដាក់ពិន័យចំនួន៩ខែ មិនអោយចូលដឹកនាំការប្រកួតរបស់ក្រុម ដោយសារតែកាយវិការរបស់លោកធ្វើហួសហេតុទៅលើមន្ត្រីដឹកនាំការប្រកួត និងអាជ្ញាកណ្ដាលក្នុងកំឡុងការប្រកួតកាលពីពេលកន្លងទៅ។
ហេតុការណ៍នេះកើតឡើងក្នុងពេលដែលក្រុម Lyon បានយកឈ្នះទៅលើក្រុម Brest ដោយលទ្ធផល ២-១ នាជំនួបលីគកំពូលបារាំងសប្ដាហ៍ទី២៤ នាកីឡដ្ឋាន Parc Olympique Lyonnais។
នៅពេលនោះលោក Paulo Fonseca បានសម្ដែងកាយវិការចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលជាខ្លាំងស្ទើរតែប៉ះមុខអាជ្ញាកណ្ដាល និងស្រែកខ្លាំងៗដាក់អាជ្ញាកណ្ដាល ក្នុងពេលនោះអាជ្ញាកណ្ដាលក៏បានផ្ដល់កាតក្រហមទៅកាន់ជនជាតិព័រទុយហ្កាល់ និងបណ្ដេញចេញពីការដឹកនាំក្រុមភ្លាមៗផងដែរ។ បន្ទាប់ពីការបណ្ដេញចេញពីទីលានក្នុងការប្រកួតហើយ សហព័ន្ធបាល់ទាត់បារាំងបានធ្វើការលើរឿងនេះបន្ត ដោយសារតែមើលទៅកាយវិការរបស់លោក Paulo Fonseca ហាក់មិនបានផ្ដល់ការគោរពទៅកាន់ក្រុមមន្ត្រីដឹកនាំការប្រកួត ពិសេសគឺអាជ្ញាកណ្ដាល។ លោក Paulo Fonseca ក៏បានធ្វើការសុំទោស ប៉ុន្តែនៅតែមិនអាចរួចផុតការចោទប្រកាន់។
ជាលទ្ធផល សហព័ន្ធបាល់ទាត់បារាំង បានសម្រេចពិន័យលោក Paulo Fonseca មិនអោយដឹកនាំការប្រកួតលើទីលាន រយៈពេល៩ខែ ពោលគឺរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា។
ទោះយ៉ាងណា ប្រធានក្លិប Lyon លោក John Textor បានអះអាងថា នឹងបន្តគាំទ្រគ្រូបង្វឹករូបនេះតទៀត ជាពិសេសទៅលើការដាក់បណ្តឹងប្រឆាំងនឹងការពិន័យដ៏ធ្ងន់ធ្ងរ។
លោក John Textor បានសរសេរបណ្តាញសង្គម Instagram ថា “ រូបខ្ញុំនិងក្លិបនឹងឈរនៅខាងលោក Paulo Fonseca ជានិច្ច។ លោក Paulo Fonseca បានបង្កកំហុសនិងសុំទោសរួចហើយ ប៉ុន្តែ ការពិន័យនោះពិតជាធ្ងន់ធ្ងរ ហើយក្លិបនឹងចូលរួមក្នុងការតស៊ូជាមួយការប្រឆាំងការពិន័យនេះ។”
សម្រាប់ពិន័យលើ លោក Paulo Fonseca នោះ ក្រៅពីលោកមិនអាចជាន់លើទីលានបានហើយ សូម្បីតែបន្ទប់ផ្លាស់ប្ដូរសំលៀកបំពាក់ក៏ហាមមិនអនុញ្ញាតអោយចូលរហូតដល់ខែកញ្ញា ថែមទៀតផង៕