គ្រូបង្វឹក Bayern Munich លោក Vincent Kompany បាននិយាយថា ក្រុមរបស់លោកនឹងមិនបន្ធូរជើងអោយគូប្រជែងក្រុម Bayer Leverkusen នោះទេ ទោះជាកំពុងមានប្រៀបក្នុងការប្រកួតកាលពីជើងទី១ក្តី។
ជាការពិត Bayern Munich នឹងត្រូវជួបជាមួយ Bayer Leverkusen សាជាថ្មី ក្នុងការប្រកួតជើងទី២ វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League។ កាលពីការប្រកួតជើងទី១ Bayern Munich បានយកឈ្នះ Bayer Leverkusen ដោយលទ្ធផល ៣-០ ដែលធ្វើអោយពួកគេមានក្តីសង្ឃឹម និង ភាពក្លៀវក្លា កាន់តែច្រើនសម្រាប់ការជួបគ្នាសាជាថ្មី។
ទោះជាកំពុងមានប្រៀប ប៉ុន្តែលោក Vincent Kompany អះអាងថា ក្រុមរបស់លោកនឹងនៅតែលេងពេញសមត្ថភាព និងព្យាយាមយកជ័យជំនះបន្តទៀត ដោយមិនគិតពីស្ថានភាពដែលក្រុមកំពុងមានប្រៀបទៅលើគូប្រកួតឡើយ។
គ្រូបង្វឹកវ័យ៣៨ឆ្នាំ បានអោយដឹងមុនការប្រកួតមកដល់ថា “ពេលដែលយើងដើរចូលទីលាន អ្វីដែលជាគំនិតចម្បងរបស់យើង គឺការឈ្នះការប្រកួត។ ពិតណាស់ យើងពិតជាបន្តចង់បានលទ្ធផលល្អ ហើយយើងនឹងប្រឹងប្រែងលេងយកឈ្នះ ដោយមិនបន្ធូរជើង ចំពោះគូប្រកួតនោះឡើយ ទោះជាកំពុងមានស្ថានភាពល្អក្តី។”
ដោយឡែក វានឹងក្លាយជាការជួបគ្នាជាលើកទី៥រវាង Bayern Munich និង Bayer Leverkusen នៅរដូវកាលនេះ ដោយមានលទ្ធផលស្មើគ្នា ២ដង នៅ Bundesliga ហើយ Bayern Munich ចាញ់ Bayer Leverkusen នៅពានរង្វាន់ DFB-Pokal និងការឈ្នះជើងទី១ វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League។
សម្រាប់ការប៉ះគា្នជើងទី២ វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League រវាង Bayern Munich និង Bayer Leverkusen នឹងធ្វើឡើងនាយប់នេះ នាកីឡដ្ឋាន Bay Arena ៕