×

ក្រោយបន្តឈ្នះ Bayer Leverkusen គ្រូ Bayern Munich ថា Harry Kane វ័យកាន់តែចាស់លេងកាន់តែល្អ

លោក Vincent Kompany គ្រូបង្វឹក Bayern Munich បានបង្ហាញការពេញចិត្តយ៉ាងខ្លាំងទៅលើខ្សែប្រយុទ្ធ Harry Kane ក្រោយពីរូបគេបន្តស៊ុតបាល់បញ្ចូលទី ក្នុងជំនួបពានរង្វាន់ UEFA Champions League ជើងទី២ វគ្គ១៦ក្រុមចុងក្រោយយកឈ្នះលើក្រុមម្ចាស់ផ្ទះ Bayer Leverkusen ដោយលទ្ធផល ២-០។

គ្រូបង្វឹកសញ្ជាតិបែលហ្ស៊ីក និយាយថា Harry Kane កាន់តែមានវ័យច្រើន ប៉ុន្តែលេងបាល់បានកាន់តែល្អទៅៗ។ ជាការពិត កីឡាករអង់គ្លេស វ័យ ៣១ឆ្នាំ កំពុងឈរជាកីឡាកររកគ្រាប់បាល់ច្រើនជាងគេនៅក្របខណ្ឌ Bundesliga ដោយរកបាន២១គ្រាប់ទៅហើយ ប៉ុន្តែក្នុងការប្រកួត ពានរង្វាន់ UEFA Champions League រូបគេបន្តរកបានគ្រាប់បាល់ទៀត។ ជាក់ស្តែង កាលពីជើងទី១ Harry Kane រកបាន២គ្រាប់ក្នុងជំនួបឈ្នះ Bayer Leverkusen ៣-០ ហើយការប្រកួតជើងទី២ កាលពីយប់មិញ រូបគេរកបានគ្រាប់បាល់១គ្រាប់នៅនាទី៥២នៃវគ្គទី២ ក្រោយពីមិនមានគ្រាប់បាល់កើតឡើង ក្នុងវគ្គទី១នាកីឡដ្ឋាន Bay Arena។ គ្រាប់បាល់១គ្រាប់ទៀតរបស់ Bayern Munich កើតឡើងដោយ Alphonso Davies នៅនាទី៧១។

លោក Kompany បាននិយាយ ក្រោយបញ្ចប់ការប្រកួតដូច្នេះថា “Harry Kane កាន់តែមានគុណភាពនៅពេលអាយុកាន់តែច្រើន។ វាជួយនៅពេលដែលអ្នកមានកីឡាករកំពូលម្នាក់ដែលនៅតែចង់ប្រយុទ្ធដើម្បីក្រុម ហើយរត់ដូចកីឡាករវ័យក្មេង។ នៅពេលអ្នកមើលពីរបៀបដែលគេរៀបចំសម្រាប់ការប្រកួត ខ្ញុំពិតជាពេញចិត្ត។ វាមិនមែនជារឿងភ្ញាក់ផ្អើលទេដែលគេលេងបានល្អណាស់២ដងទល់នឹង Bayer Leverkusen ។ ខ្ញុំធ្លាប់បានលេងជាមួយ Harry Kane ក្នុងនាមជាគូប្រកួត ហើយខ្ញុំអាចនិយាយបានថាគេមានភាពប្រសើរឡើងក្នុងរយៈពេលជាច្រើនឆ្នាំ។”

សម្រាប់ការប្រកួតកាលពីជើងទី១ Bayern Munich បានឈ្នះ ៣-០ បូករួមជើងទី២នេះទៀត គឺពួកគេបានឈ្នះ Bayer Leverkusen សរុប ៥-០។ ដូច្នេះ Bayern Munich ជាក្រុមដែលត្រូវបន្តឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ UEFA Champions League ដោយត្រូវជួបជាមួយ Inter Milan ដែលបានទម្លាក់ក្រុម Feyenoord៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង