×

ខ្សែការពារ Joshua Kimmich បន្តកិច្ចសន្យាថ្មីជាមួយ Bayern Munich ដល់ឆ្នាំ ២០២៩

ខ្សែការពារ Joshua Kimmich បានបន្តកិច្ចសន្យាថ្មី រយៈពេល៤ឆ្នាំបន្ថែមទៀត ជាមួយក្លិប Bayern Munich ដែលនឹងធ្វើអោយរូបគេលេងនាកីឡដ្ឋាន Allianz Arena រហូតដល់ឆ្នាំ២០២៩ឯណោះ។

កិច្ចសន្យាចាស់របស់កីឡាករអាល្លឺម៉ង់ នឹងផុតកំណត់នៅដំណាច់រដូវកាល ២០២៤-២៥ ហើយរូបគត្រូវបានផ្សារភ្ជាប់ក្នុងការផ្លាស់ទៅកាន់ក្លិប Arsenal ប៉ុន្តែការបន្តកិច្ចសន្យាថ្មីនៅពេលនេះធ្វើអោយ ការផ្សព្វផ្សាយទាំងនោះត្រូវបញ្ចប់ទៅវិញ។

បន្ទាប់ពីការរំពឹងទុកថា Joshua Kimmich អាចចាកចេញពី Bayern Munich កាលពីរដូវកាលមុននោះ សាមីកីឡាករបានរកឃើញនូវទម្រង់លេងដ៏ល្អបំផុតរបស់ខ្លួន ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Vincent Kompany ដោយបានលេងរាល់ការប្រកួតក្របខណ្ឌ Bundesliga មុនពេលរូបគេរងរបួសស្រាលក្នុងខែកុម្ភៈ។

កីឡាករវ័យ៣០ឆ្នាំ ដែលបច្ចុប្បន្នជាប្រធានក្រុមជម្រើសជាតិអាល្លឺម៉ងរួចហើយនោះ ត្រូវបានគេមើលឃើញថា នឹងអាចក្លាយជាអ្នកស្នងតំណែងពីប្រធានក្រុម Bayern Munich បន្តពីអ្នកចាំទី Manuel Neuer។

ការបន្តកិច្ចសន្យាថ្មីរបស់ Joshua Kimmich គឺជាការកិច្ចសន្យាចុងក្រោយបំផុតដល់កីឡាករជាច្រើនរបស់ Bayern Munich នៅដើមឆ្នាំ ២០២៥ នេះ ខណៈដែល Bayern Munich ស្វែងរកការពង្រឹងអនាគតរបស់កីឡាករទាំងនោះ។ ជាក់ស្តែង កីឡាករដូចជា Manuel Neuer, Jamal Musiala និង Alphonso Davies សុទ្ធតែបានបន្តកិច្ចសន្យាបន្ថែមរួចហើយ នាពេលថ្មីៗនេះ។

Joshua Kimmich បានចុះហត្ថលេខាជាមួយ Bayern Munich ដោយផ្ទេរពី Stuttgart ក្នុងឆ្នាំ ២០១៥បន្ទាប់ពីចំណាយពេល ២ ឆ្នាំនៅ RB Leipzig និងបានបង្ហាញខ្លួន ៤២៩ ប្រកួតអោយ Bayern Munich ស៊ុតបញ្ចូលទីបាន ៤៣ គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមបាន ១១៥ ដង។

នៅ Bayern Munich នេះដែរ Joshua Kimmich បានរួមចំណែកជួយក្រុមឈ្នះជើងឯក Bundesliga ៨ ដង UEFA Champions League ១ដង UEFA Super Cup ១ដង និង FIFA Club World Cup ១ដង៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង