×

លោក Patrice Motsepe បន្តធ្វើជាប្រធានសហព័ន្ធបាល់ទាត់អាហ្រ្វិកជាលើកទី២

មហាសេដ្ឋីអាហ្រ្វិកខាងត្បូង លោក Patrice Motsepe បានឈ្នះការបោះឆ្នោតក្លាយជាប្រធានសហព័ន្ធបាល់ទាត់អាហ្រ្វិក CAF សាជាថ្មី នៅឯសមាជរបស់សហព័ន្ធនៅទីក្រុង Cairo ប្រទេសអេហ្ស៊ីប ខណៈ ម្ចាស់ពានរង្វាន់កីឡាករបាល់ទាត់ឆ្នើមអាហ្វ្រិក៤សម័យលោក Samuel Eto’o បានឈ្នះតំណែងមួយនៅក្នុងគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធ។

លោក Patrice Motsepe វ័យ៦៣ឆ្នាំ ដែលមានក្រុមគ្រួសារជាម្ចាស់ក្លិបដ៏ធំបំផុតមួយរបស់ទ្វីបអាហ្រ្វិកគឺ Mamelodi Sundowns នឹងបម្រើការជាប្រមុខ CAF រយៈពេល៤ឆ្នាំ ជាលើកទី២ បន្ទាប់ពីកាន់កាប់តំណែងនេះជាលើកដំបូងក្នុងឆ្នាំ ២០២១ នៅពេលដែលបេក្ខភាពរបស់លោក មិនត្រូវបានជំទាស់ និងគាំទ្រយ៉ាងខ្លាំងដោយប្រធាន FIFA លោក Gianni Infantino ។

រីឯ លោក Samuel Eto’o ប្រធានសហព័ន្ធបាល់ទាត់កាមេរូន ត្រូវបានបោះឆ្នោតជ្រើសរើសជាតំណាងសម្រាប់តំបន់អាហ្រ្វិកកណ្តាលក្នុងគណៈកម្មាធិការប្រតិបត្តិ តិចជាងមួយសប្តាហ៍បន្ទាប់ពីការឈ្នះការប្តឹងតវ៉ា អោយទទួលបានសិទ្ធឈរឈ្មោះសម្រាប់តំណែងនេះ។

លោក Samuel Eto’o ត្រូវបានដកចេញដោយគណៈកម្មាធិការអភិបាលកិច្ចរបស់ CAF ក្នុងខែមករា ប៉ុន្តែបានប្តឹងឧទ្ធរណ៍ករណីរបស់ខ្លួនទៅតុលាការអាជ្ញាកណ្តាលសម្រាប់កីឡា CAS ហើយក៏ទទួលបានជ័យជំនះក្នុងរឿងក្តី។ អតីតកីឡាករបាល់ទាត់លំដាប់ពិភពលោក Samuel Eto’o ត្រូវបានទទួលរងពិន័យ២ដងកាលពីឆ្នាំមុន។

កាលពីខែកញ្ញា FIFA បានដាក់ពិន័យ លោក Samuel Eto’o មិនអោយចូលរួមការប្រកួតរបស់ក្រុមជម្រើសជាតិរយៈពេល៦ខែ សម្រាប់ការរំលោភលើបទប្បញ្ញត្តិវិន័យ បន្ទាប់ពីបានចោទប្រកាន់ថា លោកបានប្រើពាក្យសំដីបំពានមន្ត្រីរៀបចំការប្រកួតនៅក្នុងការប្រកួតបាល់ទាត់នារីអាយុក្រោម ២០ ឆ្នាំនៅប្រទេសកូឡុំប៊ី។ ហើយកាលពីដើមឆ្នាំនេះ CAF បានហាមឃាត់លោក Eto’o បន្ទាប់ពីការស៊ើបអង្កេតលើការរំលោភលើបទដ្ឋានសីលធម៌ និងសុច្ចរិតភាពរបស់ខ្លួន នៅពេលដែលលោកបានចូលកាន់តួនាទីជាឯកអគ្គរដ្ឋទូតសម្រាប់ក្រុមហ៊ុនភ្នាល់មួយ។ ការហាមឃាត់ និងការផាកពិន័យចំនួន ២០ម៉ឺន ដុល្លារ ក្រោយមកត្រូវបានលើកពេលប្តឹងឧទ្ធរណ៍វិញ។

មានបេក្ខភាពជាប់ឆ្នោត៥នាក់ផ្សេងទៀតដែលបន្តតំណែងជាថ្នាក់ដឹកនាំរបស់ CAF ដូចជាលោក Mustapha Ishola Raji នៃប្រទេសលីបេរីយ៉ា ខណៈលោកស្រី Bestine Kazadi Ditabala បន្តរក្សាតំណែងតំណាងស្ត្រីមកពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ, លោក Wallace Karia មកពីតង់ហ្សានី, លោក Kurt Simeon-Okraku មកពីហ្គាណា និង លោក Sadi Walid មកពីអាល់ហ្សេរី គឺជាសមាជិកថ្មី៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង