×

អ្នកចាំទី Thibaut Courtois ថារីករាយក្នុងការចូលរួមក្រុមជម្រើសជាតិបែលហ្ស៊ីកវិញ

អ្នកចាំទី Thibaut Courtois បាននិយាយថា រូបគេមានភាពរីករាយដែលបានចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ីកសាជាថ្មី ។

កីឡាករវ័យ៣២ឆ្នាំ បានបដិសេធក្នុងការលេងអោយក្រុមបែលហ្ស៊ីក ក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកលោក Domenico Tedesco ដោយសារទំនាក់ទំនងមិនល្អជាមួយគ្នា។

យ៉ាងណាមិញ លោក Domenico Tedesco ត្រូវបានបញ្ចប់តំណែងពីក្រុមបែលហ្ស៊ិក និងត្រូវបានជំនួសដោយ គ្រូបង្វឹកជនជាតិបារាំងលោក Rudi Garcia។

នេះបានក្លាយជាការបើកផ្លូវយ៉ាងល្អ សម្រាប់ Thibaut Courtois ក្នុងការវិលត្រឡប់មក មកកាន់ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ីកម្តងទៀត ហើយរូបគេក៏រីករាយសម្រាប់ការត្រៀមបង្ហាញខ្លួនជាមួយក្រុមសាជាថ្មីក្រោយខកខានជិត២ឆ្នាំរួចមក។

ជុំវិញរឿងនេះ Thibaut Courtois បានអោយដឹងថា “ ខ្ញុំពិតជានឹកក្រុមជម្រើសជាតិបែលហ្ស៊ីក ហើយឥឡូវនេះ ខ្ញុំបានវិលមកវិញ។ ខ្ញុំមានការសោកស្តាយដែលកន្លងមកខ្ញុំមិនបានជួយក្រុមជម្រើសជាតិ ប៉ុន្តែខ្ញុំមិនមានផ្លូវចិត្ត១០០ភាគរយ ក្នុងការលេងនោះទេ។ ប៉ុន្តែក្រោយរឿងរ៉ាវត្រឡប់មកល្អវិញ ខ្ញុំក៏ត្រៀមខ្លួនជួយក្រុមដែរ។”

សូមបញ្ជាក់ថា Thibaut Courtois មិនបានបង្ហាញខ្លួនអោយក្រុមបែលហ្ស៊ីក តាំងពីខែមិថុនា ឆ្នាំ២០២៣ មកម្ល៉េះ។

បែលហ្ស៊ិក នឹងត្រូវជួបជាមួយអ៊ុយក្រែន២ជើង ក្នុងថ្ងៃទី២០ និង ថ្ងៃទី ២៣ ខែមីនា ខាងមុខ ក្នុងការប្រកួត Nations League វគ្គ Play-Offs ដើម្បីរក្សាតំណែងរបស់ពួកគេក្នុងក្របខណ្ឌ Nations League A មុនពេលជួបជាមួយមាសេដូនៀខាងជើង វេលស៍ លិចថេនស្តិន និង កាហ្សាក់ស្ថាន ក្នុងវគ្គជម្រុះ FIFA World Cup 2026៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង