×

ពានរង្វាន់ FIFA Club World Cup ធ្វើដំណើរដល់កីឡដ្ឋាន Mercedez-Benz មុនត្រូវយកទៅចូលរួមការប្រកួត

ពានរង្វាន់ FIFA Club World Cup បានធ្វើដំណើរដល់កីឡដ្ឋាន Mercedez-Benz ស្ថិតក្នុងទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃដំណើរទេសចរណ៍របស់ពានរង្វាន់នេះ មុនពេលវាត្រូវបានយកទៅកាន់ការប្រកួត។

ពានរង្វាន់ FIFA Club World Cup ដែលបានរចនាឡើងថ្មី សហការជាមួយក្រុមហ៊ុនគ្រឿងអលង្ការប្រណីត Tiffany & Co បានដាក់បង្ហាញកាលពីឆ្នាំមុន ដោយមានរចនាកងមាសនិង រួមមានរូបភាពតំណាងដែលបង្ហាញពីប្រវត្តិដ៏សម្បូរបែបរបស់កីឡាបាល់ទាត់ ក៏ដូចជាឈ្មោះសមាគមសមាជិកទាំង២១១ របស់ សហព័ន្ធបាល់ទាត់ពិភពលោក FIFA ផងដែរ។ ពានរង្វាន់នេះក៏មានការឆ្លាក់ជា១៣ភាសាផ្សេងគ្នាផងដែរនិងអក្សរលោតរំលេចឡើងយ៉ាងទាក់ទាញ។

សម្រាប់ ការប្រកួត FIFA Club World Cup 2025 គឺមានក្លិបបាល់ទាត់ចំនួន ៣២ មកពីជុំវិញពិភពលោក បន្ទាប់ពីពួកគេដណ្តើមបានជើងឯកតាមទ្វីបរៀងខ្លួន និងក្រុមខ្លះទទួលបានអទិភាព ក្រោយប្រជែងឈ្នះពានរង្វាន់ ប្រចាំលីគកំពូលក្នុងស្រុក។

FIFA នឹងចំណាយថ្លៃប្រាក់រង្វាន់ក្នុងការប្រកួតពានរង្វាន់ FIFA Club World Cup 2025 សរុប ១ពាន់លានដុល្លារ ដោយទឹកប្រាក់ដ៏ច្រើននេះ នឹងផ្តល់ជូនក្រុមទាំង ៣២ ដែលមានវត្តមាននៅក្នុងការប្រកួត។

ក្រុមទាំង ៣២ នោះ នឹងទទួលតម្លៃប្រាក់រង្វាន់ច្រើនសន្ធឹកសន្ធាប់មិនធ្លាប់មានពីមុនមក ចំពោះការចូលរួមប្រកួតពានរង្វាន់ Club World Cup 2025 ដោយតម្លៃនឹងត្រូវបែងចែកទៅតាមវគ្គនីមួយៗ។ ក្រុមដែលឈានជើងពីវគ្គចែកពូល ដល់វគ្គផ្តាច់ព្រ័ត្រ នឹងត្រូវលេងការប្រកួតសរុបទាំងអស់ ចំនួន ៧ប្រកួត ដូចទៅនឹងរូបមន្តរបស់ ពានរង្វាន់ FIFA World Cup កាលពីមុនមកផងដែរ ហើយក្រុមឆ្លងកាត់ការប្រកួតច្រើន នោះពួកគេនឹងទទួលបានតម្លៃប្រាក់រង្វាន់ច្រើនតាមនោះដែរ។

ចំនួនប្រាក់រង្វាន់ជាកំណត់ត្រា ១ពាន់លានដុល្លារ លើកដំបូងនៅក្នុងប្រវត្តិសាស្ត្រ Club World Cup និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់ មិនទាន់បង្ហាញច្បាស់លាស់នៅឡើយចំពោះតម្លៃជាក់លាក់តាមវគ្គនៃការប្រកួតនីមួយៗ។

ព្រឹត្តិការណ៍ FIFA Club World Cup 2025 នឹងធ្វើឡើងនៅកីឡដ្ឋានធំៗចំនួន ១២ មកពីរដ្ឋចំនួន ១១ផ្សេងគ្នា នៅក្នុងអាមេរិក ហើយវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងក្នុងកីឡដ្ឋាន MetLife ដ៏ធំក្នុងទីក្រុង New Jersey ជាទីតាំងនឹងរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ ដូចគ្នាដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង