
ខ្សែបម្រើ Christian Eriksen បានបញ្ជាក់អំពីអនាគតរបស់ខ្លួនជាមួយនឹង Man UTD ដោយរូបគេទំនងជានឹងចាកចេញពីទឹកដី Old Trafford នៅដំណាច់រដូវកាល ២០២៤-២៥ នេះ។
កីឡាករដាណឺម៉ាក ត្រូវបាន Man UTD ចុះកុងត្រាយកបានពី Brentford កាលពីរដូវក្តៅឆ្នាំ ២០២២ដោយគ្មានតម្លៃខ្លួនខណៈកិច្ចសន្យារបស់គេនឹងផុតសុពលភាពនៅរដូវក្តៅខាងមុខ។
ទោះបីជាយ៉ាងណា តាមការបញ្ជាក់ដោយ Eriksen ផ្ទាល់ គឺ Man UTD ទំនងជាមិនបន្តកិច្ចសន្យាថ្មីទេ ដូច្នេះ រូបគេកំពុងតែស្វែងរកក្លិបថ្មី ដើម្បីបន្តអាជីពបាល់ទាត់។ កីឡាករវ័យ៣៣ឆ្នាំ ក៏បានបញ្ជាក់ដែរថា រូបគេមិនទាន់ចង់ចាកចេញពីបាល់ទាត់ក្នុងទ្វីប អឺរ៉ុប ឡើយ។
ជុំវិញរឿងរ៉ាវខាងលើ Eriksen បានថ្លែងយ៉ាងដូច្នេះថា “ខ្ញុំមិនទាន់បានឮអ្វីពីក្លិបឡើយ។ ដូច្នេះហើយខ្ញុំសន្មតថា ការសហការរវាងខ្ញុំ និងក្លិបនឹងត្រូវបញ្ចប់។ នោះជាអ្វី ដែលខ្ញុំត្រូវបកស្រាយ។ កិច្ចសន្យារបស់ខ្ញុំ នឹងផុតសុពលភាពនៅរដូវក្តៅនេះ ហើយខ្ញុំត្រៀមខ្លួនរួចហើយដើម្បីស្វែងរកក្លិបថ្មី។ បំណងរបស់ខ្ញុំមិនចង់លេងនៅ អង់គ្លេសទៀតទេ តែខ្ញុំនឹងមិនទៅ អាមេរិក ដែរ ខ្ញុំចង់នៅអឺរ៉ុបបន្តទៀត តែប្រហែលនៅជិតផ្ទះរបស់ខ្ញុំ ក្នុងប្រទេស ដាណឺម៉ាក។”
Christian Eriksen បានចាប់ផ្តើមអាជីពជាមួយ ក្លិបហូឡង់ Ajax ពីឆ្នាំ ២០០៩-១៤ មុនពេលបន្តទៅចូលរួមក្លិបអង់គ្លេស Tottenham Hotspur ពីឆ្នាំ ២០១៣-២០ រួចបន្តទៅក្លិបអ៊ីតាលី Inter Milan លេងពីឆ្នាំ ២០១៩-២១ រួចវិលមកអង់គ្លេសវិញ លេងអោយ Brentford បានមួយរដូវកាល ២០២១-២២ មុនបន្តចូលរួមជាមួយ Man UTD ក្នុងឆ្នាំ២០២២។
កន្លងទៅមានការរាយការណ៍ដែរថា Tottenham Hotspur ចង់នាំយក Christian Eriksen ពីក្លិប Brentford ទៅរួមរស់ជាមួយពួកគេវិញ ប៉ុន្តែចុងក្រោយ កីឡាករបានសម្រេចចូលរួមជាមួយ Man UTD៕