×

Chelsea ជោគជ័យនាំយកកីឡាករ២រូបពី Sporting CP នៅរដូវក្តៅខាងមុខ

ក្លិប Chelsea បានទទួលជោគជ័យក្នុងការចុះហត្ថលេខានាំយកកីឡាករ២រូបផ្ទួនគ្នា ពីក្លិបព័រទុយហ្កាល់ Sporting CP នៅរដូវក្តៅខាងមុខ។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន BBC នៅអង់គ្លេស។

កីឡាករទាំង២រូបរបស់ក្លិប Sporting CP ដែលក្លិបតោខៀវនឹងនាំយកមកនោះ គឺជាខ្សែបម្រើ Geovany Quenda និង Dario Essugo ដោយមានតម្លៃរួមគ្នាប្រហែល ៦២,៤ លានផោន។

Geovany Quenda ជនជាតិព័រទុយហ្កាល់ វ័យ១៧ឆ្នាំ នឹងចូលរួមជាមួយ Chelsea ក្នុងតម្លៃខ្លួនរហូតដល់ ៤៤ លានផោនយោងតាមការប្រកាសនៅលើគេហទំព័រ Sporting CP ប៉ុន្តែនឹងបន្តនៅក្នុងទីក្រុង Lisbon រហូតដល់ចុងបញ្ចប់នៃរដូវកាល ២០២៥-២៦ ។ រូបគេ បានចូលទៅក្នុងក្រុមដំបូងរបស់ Sporting CP នៅរដូវកាលនេះ ហើយបានបង្ហាញខ្លួនជាលើកដំបូងក្នុងក្របខណ្ឌ UEFA Champions League កាលពីខែកញ្ញា។

រីឯ Dario Essugo វ័យ ២០ ឆ្នាំ ជនជាតិព័រទុយហ្កាល់ដូចគ្នា នឹងផ្លាស់ទៅកាន់កីឡដ្ឋាន Stamford Bridge នៅរដូវក្តៅនេះ បន្ទាប់ពីបញ្ចប់ការលេងខ្ចីជើងនៅក្លិបអេស្ប៉ាញ Las Palmas ។ Sporting CP បានប្រកាសថា តម្លៃផ្ទេររបស់ Essugo មានប្រមាណ ១៨,៤ លានផោន។

Dario Essugo បានបង្ហាញទម្រង់លេងគួរអោយចាប់អារម្មណ៍ក្នុងប្រទេសអេស្ប៉ាញ ហើយបានទាក់ភ្នែក ក្លិប Chelsea នឹងបានចរចានាំយករូបគេមកបានសម្រេច។

អ្នកគាំទ្រ Chelsea ត្រូវរង់ចាំរយៈពេលយូរបន្តិចដើម្បីមើល Geovany Quenda បង្ហាញខ្លួនជាមួយក្រុមថ្មី ប៉ុន្តែសម្រាប់ Dario Essugo អាចចូលរួមជាមួយក្រុមរបស់គ្រូបង្វឹកលោក Enzo Maresca ក្នុងការប្រកួត FIFA Club World Cup 2025 នារដូវក្តៅនេះ នៅសហរដ្ឋអាមេរិក។

គូកីឡាករព័រទុយហ្គាល់នេះ គឺជាកីឡាករវ័យក្មេងចុងក្រោយបំផុត ដែលបានចុះហត្ថលេខាដោយក្លិបនៅទីក្រុងឡុងដ៍ បន្ទាប់ពីពួកគេបានបញ្ជាក់ពីការនាំយកកីឡាករវ័យ ១៧ឆ្នាំ ចំនួន២រូបផ្សេងទៀតនៅរដូវក្តៅនេះ។ ជាក់ស្តែង ខ្សែបម្រើប្រេស៊ីល Estevao Willian និង ខ្សែបម្រើអេក្វាឌ័រ Kendry Paez ក៏នឹងផ្លាស់ទៅ Chelsea ក្នុងរដូវក្តៅផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង