រាជធានីភ្នំពេញ ប្រទេសកម្ពុជា ខែមីនា ឆ្នាំ២០២៥
នៅក្នុងការបង្ហាញពីភាពប៉ិនប្រសប់ ការតាំងចិត្ត និងការងារជាក្រុមអង្គរ Angkor United ក្រុមដែលមានកីឡាករបាល់ទាត់វ័យក្មេងចំនួន15នាក់ ដែលឧបត្ថម្ភដោយ Cambodian Broadcasting Service (CBS)បានលេចចេញនូវជ័យជម្នះនៅក្នុងផ្នែករបស់ពួកគេ នៅក្នុងការប្រកួតបាល់ទាត់រំលឹកវិញ្ញាណក្ខន្ធ Ian Thompson ដ៏មានកិត្យានុភាព។ ព្រឹត្តិការណ៍មួយថ្ងៃដែលរៀបចំដោយ ISF Cambodia (ISF) បាននាំក្មេងប្រុសចំនួន 636នាក់ មកពីទូទាំងប្រទេស ដោយប្រារព្ធពិធីបាល់ទាត់ជាកាតាលីករសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន។ ភាពជាដៃគូរវាង ISF និង CBS ដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវឱកាសផ្លាស់ប្តូរជីវិតសម្រាប់កុមារក្រីក្រ។ Angkor United ដែលជាក្រុមអាយុក្រោម 10ឆ្នាំ ដែលមានក្មេងប្រុសមកពីសហគមន៍ក្រីក្រក្នុងទីក្រុង បានរីកចម្រើនក្រោមការឧបត្ថម្ភនេះ ដែលមិនត្រឹមតែទទួលបានជំនាញបាល់ទាត់ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងមានទំនុកចិត្ត វិន័យ និងការងារជាក្រុមដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ពួកគេលើសពីទីលាន។
លោកស្រី ជា វិច្ឆិកា នាយកប្រតិបត្តិនៃអង្គការ ISF កម្ពុជាបានមានប្រសាសន៍ថា ៖ ឃើញស្នាមញញឹមរបស់ Angkor United នៅពេលពួកគេលើកពានរង្វាន់ គឺជាពេលវេលាដ៏មានមោទនភាពមួយ។ ប៉ុន្តែ ភាពជោគជ័យពិតប្រាកដនៃការប្រកួតនេះ គឺស្ថិតនៅលើកុមារារាប់រយនាក់ ដែលទទួលបាននូវទំនុកចិត្តការងារជាក្រុម និងជំនាញជីវិតតាមរយៈកីឡាបាល់ទាត់។ ភាពជាដៃគូដ៏រឹងមាំដូចយើងជាមួយ CBS ជួយធានាថា កុមារគ្រប់រូប មិនថាស្ថិតក្នុងកាលៈទេសៈណានោះទេ មានឱកាសដើម្បីរីកចម្រើន និងទទួលបានជោគជ័យ។
ការប្រកួត Memorial Tournament Ian Thompson គឺជាការបង្ហាញពីប្រតិទិនបាល់ទាត់យុវជនកម្ពុជា ដែលផ្តល់ឱកាសឱ្យអត្តពលិកវ័យក្មេងមកពីមជ្ឈដ្ឋានចម្រុះមានឱកាសប្រកួតប្រជែងថ្នាក់ជាតិ។ វិថីនៃជ័យជំនះរបស់ Angkor United ក្នុងការឃើញពួកគេមានប្រៀបជាងក្រុមចំនួន17ផ្សេងទៀត ក្នុងផ្នែករបស់ពួកគេ ដែលបង្ហាញពីការងារជាក្រុម និងឆន្ទៈកីឡាដ៏ឆ្នើម។
លោក Dave Ulmer នាយកប្រតិបត្តិនៃក្រុមហ៊ុន CBS ក៏បានមានប្រសាសន៍ផងដែរថា ៖ CBS គឺជាអ្នកគាំទ្រដែលខិតខំប្រឹងប្រែងក្នុងបេសកកម្មរបស់ ISF ដោយទទួលស្គាល់ថាមពលផ្លាស់ប្តូរនៃកីឡាបាល់ទាត់។ យើងមានមោទនភាពចំពោះសមិទ្ធផលរបស់Angkor United។ ភាពជាដៃគូរបស់យើងជាមួយ ISF គឺអំពីច្រើនជាងបាល់ទាត់ វាគឺអំពីការផ្តល់ឱកាសដល់កីឡាករវ័យក្មេង ដើម្បីអភិវឌ្ឍជំនាញ កសាងទំនុកចិត្ត និងបង្កើតអនាគតដ៏ភ្លឺស្វាង។
កម្មវិធីបាល់ទាត់របស់ ISF បន្តផ្តល់ឱកាសផ្លាស់ប្តូរជីវិតសម្រាប់កុមារនៅទូទាំងប្រទេសកម្ពុជា ដោយធានាថា ពួកគេមានលទ្ធភាពទទួលបានកីឡា ការអប់រំ និងសហគមន៍ដែលមានរចនាសម្ព័ន្ធគាំទ្រ។ ភាពជោគជ័យរបស់ Angkor United គឺជាសក្ខីភាពមួយអំពីរបៀបដែលភាពជាដៃគូដូចជា ISF និង CBS អាចជំរុញឱ្យមានការផ្លាស់ប្តូរប្រកបដោយអត្ថន័យ និងយូរអង្វែង។
សូមជម្រាបជូនថា ចាប់តាំងពីការបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៣ ក្រុមហ៊ុន Cambodian Broadcasting Service (CBS) ដែលជាផ្នែកមួយនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ត្រូវបានទទួលស្គាល់ថាជាបណ្តាញផ្សព្វផ្សាយនាំមុខគេ និងមានបទដ្ឋានច្នៃប្រឌិតខ្ពស់ក្នុងវិស័យទូរទស្សន៍កម្ពុជា។ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុន CBS បានខិតខំយ៉ាងខ្លាំងក្លា ក្នុងការបម្រើជាចំណីចក្ខុ និងចំណេះដឹងដល់ពលរដ្ឋកម្ពុជា តាមរយៈការផ្តល់កម្មវិធីផ្សាយលំដាប់អន្តរជាតិ ដែលនាំមកជូននូវទស្សនីយភាពកម្សាន្ត ការអប់រំ និងការបំផុសគំនិតផ្សេងៗ។ បន្ថែមពីនេះ ក៏រួមមានកម្មវិធីកម្សាន្ត ព័ត៌មាន និងចំណេះដឹងដ៏មានប្រជាប្រិយភាពបំផុតសម្រាប់អ្នកទស្សនារាប់លាននាក់នៅលើកញ្ចក់ទូរទស្សន៍ អនឡាញ និងតាមបណ្តាញផ្សព្វផ្សាយឌីជីថល ដូចជា CTN, MyTV, CNC, CNC Sports, និង CBS Digital ដោយធើ្វឱ្យ CBS ក្លាយជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយដែលមានអ្នក ស្រលាញ់ គោរព និង ទស្សនា ច្រើនបំផុតក្នុងប្រទេសកម្ពុជា។
#CBS #CTN #MYTV #CNC