
គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន លោក Lionel Scaloni បាននិយាយថា ការប្រកួតរបស់ក្រុមដោយមិនមានវត្តមានរបស់ខ្សែប្រយុទ្ធឆ្នើម Lionel Messi គឺជាការបាត់បង់កម្លាំងដ៏សំខាន់ និង ការប៉ះពាល់ដ៏ធំមួយ។
ជាការពិត Lionel Messi មិនត្រូវបានបញ្ចូលឈ្មោះក្នុងក្រុមអាហ្សង់ទីន សម្រាប់ប្រកួតវគ្គជម្រុះ World Cup 2026 ទ្វីបអាមេរិកខាងត្បូង ទល់នឹងក្រុមអ៊ុយរូហ្គាយ និងប្រេស៊ីល ក្រោយរូបគេ ជួបបញ្ហារបួសសាច់ដុំ អំឡុងលេងអោយក្លិប Inter Miami។
នៅឯការប្រកួតលីគកំពូលអាមេរិក Major League Soccer កាលពីពេលថ្មីៗនេះ ក្លិប Inter Miami យកឈ្នះលទ្ធផល ២-១ ទល់នឹងក្លិប Atlanta United ជាពេលដែលកីឡាករវ័យ ៣៧ឆ្នាំ ស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យ តែការប្រកួតនោះក៏បានធ្វើអោយគេជួបបញ្ហារបួសសាច់ដុំឡើងវិញ។ បន្ទាប់ពីជួបរឿងបែបនេះ Messi ក៏មិនមានឈ្មោះក្នុងបញ្ជីកីឡាករក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន ដែលបានប្រកាសថ្ងៃ១៧ ខែមីនា ខណៈកីឡាករម្ចាស់ពាន Ballon d’Or ៨សម័យ បន្តស្នាក់នៅអាមេរិកដើម្បីសម្រាកព្យាបាលរបួស។ អវត្តមានរបស់ Messi ចំពេលដែលក្រុមអាហ្សង់ទីនក៏នឹងអវត្តមានកីឡាករមួយចំនួនទៀតដោយសារមានរបួសដូចជា Lautaro Martinez, Gonzalo Montiel, Giovani Lo Celso, និង Paulo Dybala។
ជុំវិញអវត្តមានរបស់ Lionel Mess បានធ្វើអោយគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន លោក Lionel Scaloni មានការព្រួយបារម្ភពីការប្រកួតរបស់ក្រុម ដោយយល់ថា ពេលនេះក្រុមបានបាត់បង់កម្លាំងដ៏សំខាន់ទៅហើយ។
ទាក់ទិននឹងរឿងនេះលោក Lionel Scaloni បានអោយដឹងថា “ ខ្ញុំបាននិយាយជាមួយ Messi គេមានបញ្ហា ខ្ញុំដឹងពីស្ថានភាពនេះ ហើយជាអកុសលគេមិនអាចលេងបានទេ។ វាជាការបាត់បង់ដ៏ធំ ហើយយើងនឹងប្រឈមមុខនឹងគូប្រកួតដ៏លំបាក។ យ៉ាងណា យើងនឹងប្រឹងប្រែងជាមួយសមាជិកដែលនៅសល់ ។”
ក្រុមជម្រើសជាតិអាហ្សង់ទីន បច្ចុប្បន្នជាក្រុមដ៏ខ្លាំងបំផុតមួយលើពិភពលោក និងនៅទ្វីបអាមេរិកខាងត្បូង ដោយពួកគេកំពុងនាំមុខកំពូលតារាងវគ្គជម្រុះ World Cup 2026 តំបន់អាមេរិកខាងត្បូង។ អាហ្សង់ទីនឈរកំពូលតារាង ដោយរកបាន ២៥ពិន្ទុ ពីការប្រកួតចំនួន ១២លើក ហើយពួកគេនឹងធ្វើដំណើរទៅជួបក្រុមអ៊ុយរូហ្គាយ ជាក្រុមកម្រិតលេខ ២ ក្នុងតារាង នៅថ្ងៃទី២១ ខែមីនា។ នៅថ្ងៃទី២៥ មីនា អាហ្សង់ទីន នឹងបន្តជួបក្រុមជម្រើសជាតិប្រេស៊ីល ដែលគ្មានវត្តមានរបស់ Neymar ដូចគ្នា៕