×

គ្រូអាល្លឺម៉ង់ថា ក្រុមខ្លួនមានមហិច្ឆតាខ្ពស់ទើបឈ្នះការប្រកួត UEFA Nations League ទល់នឹងអ៊ីតាលីយប់មិញ

គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់លោក Julian Nagelsmann បាននិយាយថា ក្រុមរបស់លោកមានមហិច្ឆតាខ្ពស់ ទើបអាចឈ្នះការប្រកួតទល់នឹងក្រុមអ៊ីតាលី ក្នុងពានរង្វាន់ UEFA Nations League កាលពីយប់មិញបាន ទោះគូប្រជែងមានការលេងដ៏ល្អក្តី។

ជាការពិត ក្រុមអាល្លឺម៉ង់បានយកឈ្នះក្រុមអ៊ីតាលី ដោយលទ្ធផល ២-១ ក្នុងជំនួបជើងទី១ វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ UEFA Nations League ដែលធ្វើឡើងនាកីឡដ្ឋាន San Siro ស្ថិតក្នុងទីក្រុង Milan ប្រទេសអ៊ីតាលី។

គ្រាប់បាល់ដែលត្រូវបានស៊ុតបញ្ចូលទីបានកើតឡើងតាំងពីនាទី៩ ដោយ Sandro Tonali ដើម្បីផ្តល់ការនាំមុខដល់ក្រុមម្ចាស់ផ្ទះ នៅក្នុងវគ្គទី១។

យ៉ាងណា នៅក្នុងវគ្គទី២ ក្រុមអ៊ីតាលីមិនអាចរកគ្រាប់បាល់បានទៀតនោះទេ។ ផ្ទុយមកវិញ ក្រុមភ្ញៀវអាល្លឺម៉ង់ បានបង្កើនការវាយសម្រុកជាបន្តបន្ទាប់ហើយក៏រកបាន២គ្រាប់ ដោយ Tim Kleindienst នៅនាទី៤៩ និង Leon Goretzka នៅនាទី៧៦ ឈ្នះការប្រកួតនេះតែម្តង។

ភាពជោគជ័យនេះបានធ្វើអោយគ្រូបង្វឹកក្រុមអាល្លឺម៉ង់លោក Julian Nagelsmann មានការពេញចិត្តចំពោះកូនក្រុមមែនទែន។ លោក Julian Nagelsmann ក៏បានកោតសរសើរដល់ទម្រង់លេងដ៏រឹងមាំរបស់ក្រុមគូប្រជែង ប៉ុន្តែលោកបានមើលឃើញពីការចង់ឈ្នះខ្លាំងរបស់កូនក្រុមទើបទទួលបានលទ្ធផលល្អបែបនេះ។

គ្រូបង្វឹកវ័យ ៣៧ឆ្នាំ បានថ្លែងក្រោយចប់ការប្រកួតថា “ យើងចង់ឈ្នះការប្រកួតអោយបានច្រើនតាមតែអាចធ្វើទៅបាន ប៉ុន្តែយើងក៏ដឹងដែរថាយើងកំពុងប្រឈមមុខនឹងគូប្រជែងខ្លាំងនៅអ៊ីតាលី។ យើងត្រូវតែផ្តួល គូប្រជែងជាមុនសិន បន្ទាប់មកយើងអាចនិយាយអំពីសក្តានុពលក្នុងការឈ្នះពាន។ ការប្រកួតនេះអ៊ីតាលីពិតជាលេងបានល្អ ប៉ុន្តែកូនក្រុមរបស់ខ្ញុំមានភាពស្រេកឃ្លានជ័យជំនះ ហើយព្យាយាមយ៉ាងខ្លាំងរហូតទទួលជោគជ័យនៅពេលនេះ។”

ក្រុម អាល្លឺម៉ង់ និងក្រុម អ៊ីតាលី នឹងត្រូវជួបគ្នាម្តងទៀត ក្នុងការប្រកួតជើងទី២ វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Nations League នាកីឡដ្ឋាន Signal Iduna Park ទីក្រុង Dortmund ប្រទេសអាល្លឺម៉ង់ ថ្ងៃទី២៣ ខែមីនា ខាងមុខ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង