គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបារាំង លោក Didier Deschamps បាននិយាយដោយការជឿជាក់ថា ក្រុមរបស់លោក នឹងអាចវាយបកយកឈ្នះក្រុមជម្រើសជាតិក្រូអាតវិញបាននៅក្នុងការប្រកួតជើងទី២ វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Nations League ។
ការលើកឡើងរបស់បុរសវ័យ ៥៦ឆ្នាំ គឺបន្ទាប់ពីក្រុមបារាំង បានចាញ់ក្រុមម្ចាស់ផ្ទះក្រូអាត ដោយលទ្ធផល ២-០ ក្នុងការប្រកួតជើងទី១ កាលពីយប់មិញ។
ជំនួបនាកីឡដ្ឋាន Stadion Poljud ក្រុមក្រូអាតបានរកគ្រាប់បាល់នាំមុខមុននៅនាទី២៦ ដោយ Ante Budimir បន្ទាប់ពីការទាត់បាល់ពិន័យ១១ម៉ែត្រ របស់កីឡាករ Andrej Kramaric នៅនាទី៨ ធ្វើមិនសម្រេច។ ក្រូអាតបន្តរកបានគ្រាប់នាំមុខគ្រាប់ទី២ ដោយ Ivan Perisic នៅនាទី៤៥+១ មុនចប់វគ្គទី១។ សម្រាប់ក្រុមបារាំងដែលជាភ្ញៀវ បានបង្កើនការវាយសម្រុកនៅក្នុងវគ្គទី២ ប៉ុន្តែ ការប្រឹងប្រែងរបស់ពួកគេមិនបានផ្លែផ្កាទេ។ រីឯក្រុមក្រូអាតក៏មិនអាចស្វែងរកគ្រាប់បាល់បានជាបន្តដូចគ្នា ទើបលទ្ធផល ក្រូអាត ២ បារាំង ០ រក្សាដល់ចប់ការប្រកួត។
ទោះបីជារងការបរាជ័យក៏ពិតមែន ប៉ុន្តែគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិបារាំង លោក Didier Deschamps នៅតែបង្ហាញការជឿជាក់ ទៅលើកូនក្រុមរបស់ខ្លួន នឹងថា ពួកគេអាចយកឈ្នះគូប្រជែងវិញបានក្នុងការប្រកួតជើងទី២។
លោក Didier Deschamps បានថ្លែងអោយដឹងក្រោយចប់ការប្រកួតថា “ យើងបានចាប់ផ្តើមយ៉ាងល្អ ប៉ុន្តែបានបង្កើតកំហុសបច្ចេកទេសខ្លះ ហើយបានផ្តល់ឱកាសដល់គូប្រកួត។ នៅវគ្គទី២គឺល្អប្រសើរជាងមុន ប៉ុន្តែយើងរកមិនឃើញប្រសិទ្ធភាពការវាយលុកយកគ្រាប់បាល់ទេ។ យ៉ាងណា ខ្ញុំនៅតែជឿជាក់លើកីឡាកររបស់ខ្ញុំក្នុងការវាយបកឈ្នះវិញនៅជើងទី២។ យើងនឹងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីផ្លាស់ប្តូរស្ថានការណ៍ល្អមកនៅខាងយើងវិញ។”
ក្រុមបារាំង និង ក្រុមក្រូអាតនឹងត្រូវជួបគ្នាសាជាថ្មី ក្នុងការប្រកួតជើងទី២ វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ UEFA Nations League នាថ្ងៃទី២៣ ខែមីនា ខាងមុខ នាកីឡដ្ឋាន Stade de France ប្រទេសបារាំងវិញម្តង៕